ភ្នំពេញ៖ អស់រយៈពេលជាង ២ទសវត្សរ៍ មកហើយ ដែលអ្នកនាង យុគ ចិន្ដា នៅតែរក្សាកេរ្តិ៍ឈ្មោះ ជាពិធីការិនី ដ៏ឆ្នើម និងល្បីល្បាញតាមរយៈរូបសម្រស់ ការប៉ុនប្រសព្វ ក្នុងប្រើប្រាស់ លើកដាក់សំលេង វោហារសាសព្វ ជាពិសេសនាង ក៏មានសមត្ថភាពផលិត និងដឹកនាំកម្មវិធីទូរទស្សន៍ ដោយខ្លួនឯងទៀតផង ។

ជាមួយគ្នានេះ អ្នកនាង យុគ ចិន្ដា មិនត្រឹមតែជោគជ័យ លើវិស័យការងារសិល្បៈប៉ុណ្ណោះទេ ថែមទាំងកំពុងជោគជ័យ លើជំនួញផ្ទាល់ខ្លួនទៀតផង ដែលបច្ចុប្បន្ននេះនាង រួមទាំងកូនស្រីរបស់នាង កំពុងមមារញឹកខ្លាំង ទៅលើការងារក្នុងហាងកាត់ដេរ ច្នៃម៉ូដសម្លៀកបំពាក់ និងភោជិនីដ្ឋាន ។

ងាកទៅចាប់អារម្មណ៍ លើកូនស្រីរបស់ពិធីការិនី ជើងចាស់រូបនេះវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ទន្ទឹមនិងមានការលូទលាស់ រាងកាយកាន់តែលឿន រូបសម្បត្តិទៀតសោត ក៏កាន់តែស្រស់ស្អាត មិនចាញ់ម្ដាយប៉ុន្មានឡើយ ។
យុវតីរូបនេះត្រូវបានអ្នកនាង យុគ ចិន្ដា ដាក់ឈ្មោះថា យុគ ដាពេជ្រ ហៅ អម ហើយកាលពីពេលថ្មីៗនេះ នាងទើបតែធ្វើខួបកំណើតឈានចូលវ័យ ១៨ឆ្នាំ ។

ក្នុងថ្ងៃកំណើតគម្រប់ ១៨ ឆ្នាំ របស់កូនស្រីតែម្នាក់គត់ អ្នកនាង យុគ ចិន្តា បានបង្ហាញក្តីស្រឡាញ់យ៉ាងខ្លាំងក្លា ក្នុងនាមជាអ្នកម្តាយដល់កូនស្រី ។ លើសពីនោះ អ្នកនាងបានជូនពរ និង ផ្តាំផ្ញើនូវដំបូន្មាន ដ៏មានន័យដល់ អម ទៀតផង ។
គួរឱ្យដឹងថា អ្នកនាង យុគ ចិន្ដា តែងតែព្យាយាមបង្ហាត់បង្រៀន ឱ្យកូនស្រីតែម្នាក់គត់របស់នាងរូបនេះ ក្លាយជាអ្នកជំនួញ តែទន្ទឹមគ្នានោះ នាងក៏មិនបានហាមឃាត់ឡើយ ប្រសិនបើកូនស្រីចង់ក្លាយ ជាអ្នកសិល្បៈដូចជារូបនាង ។ សម្រាប់ យុគ ដាពេជ្រ ផ្ទាល់ ក្រៅតែពីមានរូបសម្រស់ស្អាត បែបធម្មជាតិហើយនោះ នាងក៏ជាក្មេងស្រីម្នាក់ ដែលឆ្លាត ពូកែ ទាំងការសិក្សា ក៏ដូចជាអាចជួយជំនួសដៃជើង ការងារជំនួញរបស់ម្ដាយនាងផងដែរ ៕ ដោយ៖ ម៉ានី







