ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ រូបថតច្រើនសន្លឹករបស់តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញសង្គម ហើយតាមរយៈរូបថតទាំងនោះ បានធ្វើឱ្យលាន់មាត់ពោលសរសើរពីសំណាក់អ្នកគាំទ្រថា គេទាំងពីរនាក់ប្ដីប្រពន្ធនេះពិតជាសមគ្នាឥតខ្ចោះតែម្ដង ។
រូបថតដែលកំពុងត្រូវបានគេចែកចាយ យ៉ាងច្រើនលើបណ្ដាញសង្គមនេះផងដែរ គឺបង្ហាញពីសកម្មភាពតារាចម្រៀង ពេជ្រ សូលីកា រួមជាមួយស្វាមី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលទំនងជាការសហការក្នុងមុខជំនួញផ្ទាល់ខ្លួន ព្រោះយើងដឹងស្រាប់ហើយថា ស្វាមីរបស់តារាចម្រៀងស្រីរូបស្រសម្នាក់នេះ គឺជាអ្នកជំនួញវ័យក្មេងមួយរូបជំនាញផ្នែកច្នៃម៉ូដសម្លៀកបំពាក់ ។
តារាចម្រៀងម្ចាស់បទ “តាមដាន” រូបនេះផងដែរ ក្រៅពីធ្វើឱ្យអ្នកគាំទ្រ ពោលសរសើរមិនដាច់ពីមាត់ថាសមគ្នាខ្លាំងហើយនោះ ក៏មានមនុស្សជាច្រើនបានពោលពាក្យមួយឃ្លាថា “នៅពីក្រោយបុរសជោគជ័យ គឺតែងតែមាននារីឆ្លាតឈរក្បែរជានិច្ច” ។
សូមបញ្ជាក់ផងដែរថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយ អ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីឈ្មោះ គឹម ហាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។ អ្នកទាំងពីរ ភ្ជាប់ពាក្យមិនបានយូរប៉ុន្មានផង ស្រាប់តែប្រកាសថា ពេជ្រ សូលីកា មានផ្ទៃពោះ និងសម្រាលបានកូនប្រុស ម្នាក់កាលពីខែតុលា ឆ្នាំ ២០២០ ៕
ដោយ៖ ម៉ានី







