តាមអនុក្រឹត្យលេខ ៣៣៤ របស់រាជរដ្ឋាភិបាល បានសម្រេច តែងតាំងលោក ពឹង គិមឆេន ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន ។

តាមមាត្រា២ នៃអនុក្រឹត្យ ខាងលើ អនុរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែង ក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាទៅ ។

គួររំលឹកថា សាលាបឋមសិក្សាវត្តបូព៌ ដែលមានមូលដ្ឋាន នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានឈ្មោះល្បីសុះសាយ ដោយមានការទទួលស្គាល់ ទូទាំងប្រទេស រហូតល្បីដល់ប្រទេសថៃ នាំកូនសិស្សមកទស្សនកិច្ច ជារៀងរាល់ឆ្នាំ ។ លោក ពឹង គិមឆេន គឺជាបុគ្គលដ៏សំខាន់បំផុតមួយរូប ដែលនៅពីក្រោយសាលា ដ៏មានគុណភាពមួយនេះ លោកជានាយកដ៏គំរូ ជម្នះឧបសគ្គ តស៊ូមតិរាប់មិនអស់ ទម្រាំអាចកែទម្រង់ប្រព័ន្ធគ្រប់គ្រង ក្នុងសាលាមួយនេះបាន ។

រយៈពេលជាង ២០ឆ្នាំ លោកនាយកសាលា បានដឹកនាំកសាងសាលារៀនមួយនេះ ឱ្យមានឈ្មោះល្បីល្បាញ លើផ្នែកវិន័យ គុណភាព បរិស្ថាន ឯកសណ្ឋាន ឱ្យឈរលំដាប់ទី១ គួរឱ្យកោតសរសើរបំផុត ។ នៅពេលនេះ លោកនាយក បានចូលនិវត្តន៍ហើយ ក្រោយដឹកនាំសាលាវត្តបូព៌ ប្រកបដោយភាពជោគជ័យ យ៉ាងត្រចៈត្រចង់ ទទួលបានការសាទរ ពីអាណាព្យាបាល មហាជន អស់ជាង ២០ឆ្នាំមកនេះ ។

ស្នាដៃ និងសមិទ្ធផលជាច្រើន លោកនាយកសាលាបានបន្សល់ទុក ដល់កូនខ្មែរ ភាពជាគំរូ វិធីសាស្ត្រដឹកនាំ នឹងក្លាយជាជាមេរៀនដ៏ល្អបំផុត សម្រាប់លោកគ្រូ អ្នកគ្រូ និងអ្នកដឹកនាំជំនាន់ក្រោយ ។ កេរឈ្មោះ ស្នាដៃ សមិទ្ធផលទាំងអស់នេះ នឹងស្ថិតនៅក្នុងការចងចាំ ចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ជារៀងរហូតទៅ ៕ ប្រភព៖សប្បាយ

