ភ្នំពេញ ៖ ឌីជេ ហេរ៉ូ ក្រោយពីបានផ្អាកការងារ ជាពិធីករនៅក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ របស់ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍រួចមក វត្តមានរបស់លោក ក៏ចាប់ផ្ដើមស្ងប់ស្ងាត់ រសាត់ចេញពីខ្សែចក្ខុ របស់ទស្សនិកជន ពោលគឺមិនឃើញលេចមុខ នៅលើកញ្ចក់ទូរទស្សន៍ ផ្សេងទៀត ឡើយ ដោយផ្ទុយស្រឡះ ពីដៃគូពីរនាក់ទៀត របស់លោក គឺលោក ប៉ែន ចំរ៉ុង និងអ្នកនាង កែវ សីហា ដែលពួកគេបច្ចុប្បន្ន កំពុងកាន់ការងារជាពិធីករ ពិធីការិនីដដែល នៅស្ថានីយទូរទស្សន៍ភីអិនអិន ។
យ៉ាងណាក៏ដោយ សកម្មភាពហាក់មិនអើពើ ជាមួយការងារសិល្បៈបន្តទៅទៀតនេះ បានធ្វើឱ្យទស្សនិកជន កាត់យល់បានថា ប្រហែលមកពីលោក ហេរ៉ូ កំពុងមមាញឹក ជាមួយការងាររកស៊ីផ្ទាល់ខ្លួន ដោយដឹងថា បច្ចុប្បន្ននេះ លោកកំពុងជោគជ័យ ទៅលើមុខរបររចនាសួនច្បា ខ្លាំងជាងមុខរបរពិធីការ ។
ជាការពិតណាស់ លោកហេរ៉ូ បានធ្វើឱ្យទស្សនិកជន អ្នកគាំទ្រដឹងយ៉ាងច្បាស់ ថា ជាបុគ្គលអ្នកសិល្បៈមួយរូប ដែលមានសមត្ថភាពខ្លាំង ទៅលើវស័យមុខជំនួញផ្ទាល់ខ្លួន ដោយលោកអាចរកចំណូលបានយ៉ាងច្រើនពីការងារ រចនាសួន រហូតមានលទ្ធភាព សង់ភូមិគ្រឹះធំស្កឹមស្កៃ តម្លៃរាប់សិបសែនដុល្លារ មិនចាញ់ឧកញ៉ាៗ ក្នុងស្រុកមួយចំនួន ប៉ុន្មានឡើយ ។
យ៉ាងណាក៏ដោយ ទន្ទឹមគ្នានេះ គេសង្កេតឃើញថា ទោះជាបច្ចុប្បន្ន ពិធីករសម្ដី ចាក់មិនលេចខាងលើ កំពុងមានឈ្មោះជាថៅកែ ទៅលើមុខរបរជាច្រើន យ៉ាងណាក៏ដោយ ក៏សកម្មភាព ក៏ដូចជាការប្រាស្រ័យទាក់ទង នៅក្នុងសង្គមរបស់លោក ហាក់ដូចជាសាមញ្ញបំផុត ដែលពេលខ្លះ លោកក៏ធ្វើខ្លួនដូចបងប្អូនប្រជាពលរដ្ឋ រស់នៅទីជនបទ ស្រុកស្រែចំការយ៉ាងដូច្នេះដែរ ។
គួរឱ្យដឹងផងដែរថា លោក ហេរ៉ូ កាលពីជិត ២០ឆ្នាំមុន គឺជាពិធីករតាមវិទ្យុ ដ៏មានប្រជាប្រិយភាព ខ្លាំងបំផុត រហូតដល់អភិវឌ្ឍខ្លួន ក្លាយជាពិធីករកម្មវិធីកម្សាន្ត ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ ប្រជាប្រិយភាព របស់បុរសម្នាក់នេះផងដែរ ក៏ដោយសារតែសម្ដីវោហារ ស័ព្ទហូរដូចទឹកស្ទឹង និងកាយវិការក្រមិចក្រមើម របស់លោក ជាដើម ៕
ដោយ៖ ម៉ានី