ភ្នំពេញ៖ ឌីជេ កាកា ដែលធ្លាប់ជាអតីតពិធីករវិទ្យុ រហូតមកទល់ពេលបច្ចុប្បន្ននេះ បានអភិវឌ្ឍខ្លួនជាតារាសម្ដែង មិនថា MV រឿងដុំ និងភាគឡើយ គឺលោកតែងតែដើរតួជាតួអង្គកំប្លុកកំប្លែងជានិច្ច ហើយលោកក៏ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាដៃគូសម្ដែងដ៏ស័ក្ដិសមឥតខ្ចោះជាមួយលោក ងួន សុបិន និងនាយគ្រឿន ។

មានរឿងដុំជាច្រើនដែល ឌីជេ កាកា បានកសាងប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនដូចជារឿង “ក្រឡអីហ្នឹង” វគ្គ១ និងវគ្គ២, “ពីរនាក់បងប្អូន”, “ជួបស៊យ” វគ្គ១ និងវគ្គ២, “ត្រកូលអ្នកប្រដាល់” និងរឿងល្បីៗជាច្រើនទៀត ។ ហើយបច្ចុប្បន្ន តារាប្រុសកំប្លែងស្ងួតរូបនេះ កំពុងលេចមុខច្រើនបំផុតតាមរយៈរឿងកំប្លែងខ្លីៗក្នុងកម្មវិធី “ដូច្នឹងផង” របស់ស្ថានីយ៍ទូរទស្សន៍ថោន ។

យ៉ាងណាមិញ ទោះជាឌីជេ កាកា កំពុងត្រូវប៉ាន់ក្នុងការសម្ដែងជាតួអង្គកំប្លុកកំប្លែង ដែលនាំអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយយ៉ាងណាក៏ដោយ ក៏ស្រាប់តែថ្មីៗនេះ លោកបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានទម្លាយជីវភាពសព្វថ្ងៃដោយក្រៅពីអាជីពជាតារាសម្ដែង លោកគឺជា បុគ្គលិកដឹកជញ្ជូននៅក្នុងក្រុមហ៊ុន «វីរះប៊ុនថាំ» ។

ទន្ទឹមនឹងការបង្ហាញរូបថតមួយសន្លឹកក្នុងសម្លៀកបំពាក់ និងឧបករណ៍ជាអ្នកដឹកជញ្ជូន ឌីជេ កាកា ថែមទាំងបានសរសេរដំណេរមួយឃ្លាយ៉ាងខ្លី នៅលើគណនីហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា “ក្តៅ ហេវហត់យ៉ាងណា ក៏ត្រូវតែតស៊ូ ដើម្បីជីវិតគ្រួសារ” ។

យ៉ាងណាក៏ដោយ បើទោះជា ឌីជេ កាកា បានបង្ហោះសកម្មភាពយ៉ាងដូច្នេះនៅលើគណនីហ្វេសប៊ុករសប់លោក ក៏នៅតែមិនអាចធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ ជឿបានឡើយថា អ្វីដែលបានឃើញនេះគឺជាការពិត ព្រោះអាចគ្រាន់តែជាការបង្ហោះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ ឌីជេ កាកា តែប៉ុណ្ណោះ ។ ហើយណាមួយ ឌីជេ កាកា ថតបង្ហោះក្នុងឯកសណ្ឋានជាបុគ្គលិកដឹកជញ្ជូនក្នុងក្រុមហ៊ុន «វីរះប៊ុនថាំ» នេះ អាចគ្រាន់តែជាសកម្មភាពថតផ្សាយពាណិជ្ជកម្មក៏ថាបាន ។
គួរឱ្យដឹងផងដែរថា ពាក់ព័ន្ធជាមួយមន្ទិលខាងលើនេះ Lookingtoday ក៏បានទាក់ទងទៅឌីជេ កាកា រួចរាល់ហើយ ដើម្បីសុំការបញ្ជាក់ ប៉ុន្តែលោកមិនទាន់បានមើលសារ និងឆ្លើយតបមកវិញឡើយ ៕



ដោយ៖ ម៉ានី
