មានសិល្បករសិល្បការិនីជាច្រើន តែងតែលាក់បាំង រឿងរ៉ាវស្នេហាផ្ទាល់ខ្លួន បើទោះបីគេមានគ្រួសារ មានកូន រឺក៏មានទំនាក់ទំនងស្នេហាក្តី ក៏មិនហានបញ្ចេញ ប្រាប់គេនោះដែរ ព្រោះខ្លាចបាត់បង់ ប្រជាប្រិយភាពរបស់ខ្លួន ក្នុងវិស័យសិល្បៈ ។ តែឥឡូវតារាចម្រៀងសំឡេងស្អក ប្រចាំ Galaxy បានបង្ហោះរូបភាពមួយសន្លឹក ជាមួយនឹងតម្រុយដ៏កម្រមួយ ដែលថា លោកមានកូនម្នាក់ហើយ។

តារាចម្រៀងសំឡេងស្អកប្រចាំ Galaxy ត្រូវបានមហាជនជាច្រើនដឹងថា លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ កាលពីប៉ុន្មានឆ្នាំមុន ជាមួយស្រីស្អាតម្នាក់ នៅប្រទេសបារាំង ដែលលោកទើបបានបង្ហាញ កាលពីថ្ងៃសម្ពោធហាង ផឹកស៊ីរបស់លោក កាលពីប៉ុន្មានខែមុន។ ហើយរហូតមកដល់ថ្ងៃនេះ លោកខេមក៏បានបង្ហោះរូបកូនក្មេង គួរឲ្យស្រលាញ់មួយសន្លឹក អមជាមួយការសរសេរថា « បើប្រាប់ថាកូនក៏អ្នកមិនជឿដែរនាំ Baby ដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា» ខេម សរសេរបែបនេះ ស្របពេលដែលលោក បានទៅដល់ ប្រទេសបារាំងរួចហើយ កាលពីម្សឹលមិញនេះ។

គិតចាប់ពីពេលដែលលោកបង្ហោះសារ ដោយមានភ្ជាប់រូបភាព ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ រហូតមកដល់ពេលនេះ Sabay មិនទាន់អាចសុំការបញ្ជាក់ ពីតារារូបនេះ បាននៅឡើយទេ ថាតើរូបភាពនិងអត្ថន័យ ដែលលោកបានបង្ហោះនេះ ជាការលេងសើច រឺក៏ជាការពិត យ៉ាងណានោះទេ ។ មែនទែនទៅ រឿងការមានកូនមុនរៀបការ ក្នុងសម័យនេះ លែងជាបញ្ហា សម្រាប់យុវវ័យទៀតហើយ ខ្លះមានកូនពីររឺបីហើយ ក៏អាចរៀបការបានដែរ សំខាន់ឲ្យតែចេះស្រលាញ់គ្នា យល់ចិត្តគ្នា ទៅបានហើយ។

ទោះជាយ៉ាងនេះក្តី តាមរយៈ Comment ជាច្រើននៅលើរូបភាព ដែលបានបង្ហោះនោះ មហាជនមានការផ្ញាក់ផ្អើល និងចាប់អារម្មណ៏ជាខ្លាំង ដោយឃើញផុសបែបនេះ ខ្លះថា លោកគ្រាន់តែលេងសើចតែប៉ុណ្ណោះ ម្យ៉ាងរឿងបែបនេះ កើតមានស្ទើរធម្មតា ក្នុងសង្គមសិល្បៈ ។
ប៉ុន្តែមតិផ្សេងទៀត របស់អ្នកគាំទ្រ លើកឡើងថា លោក ខេម ប្រហែលជាលេងបន្លំមែន ពោលគឺ លោកពិតជាកូនមែន។ ការសន្និដ្ឋានបែបនេះ ដោយសារថា ខេម ត្បិតថាមិនទាន់រាប់ការ ប៉ុន្តែលោក និងគូស្នេហ៍នៅបារាំងនោះ បានសេពគប់គ្នាយូរមកហើយ ហើយក៏មិនចម្លែកដែរ ដែលសិល្បករក សាងសង្គមគ្រួសារមុនចូលរោងការ ដែលគេឃើញជាហូរហែមកហើយ ដូចជា ពេជ្រ សូលីកា សិទ្ធី នីកា និងឌុច លីដា ជាដើម សុទ្ធតែមានកូន មុនការទាំងអស់។
យ៉ាងណាក៏ដោយ អ្វីៗមិនទាន់អាច យកជាការបាន ១០០% នៅឡើយ ដោយសារថា សាមីខ្លួនមិនទាន់អាច សុំការអធិប្បាយបាន៕ ប្រភព៖សប្បាយ

