ភ្នំពេញ៖ ប្រហែលខ្ទង់រយៈពេលជិតមួយខែមុន នារីអ្នកលក់ផលិតផលគ្រឿងសម្អាងតាមអនឡាញល្បីឈ្មោះមួយរូប គឺកញ្ញា អាម៉ី បានសម្រេចចិត្តពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយ បុរសសង្ហារវ័យក្មេងម្នាក់ ដោយកាលនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ទៅលើចំនួនបណ្ណាការយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមានលុយសុទ្ធចំនួន៩៩.៩៩៩ ដុល្លារ ស្មើនិង ៤០០.០០០.០០០ រៀល ព្រមទាំងចិញ្ចៀនពេជ្រមួយវង់ មានតម្លៃ ២ម៉ឺនដុល្លារ ទៀតផង ។

ជាថ្មីម្ដងទៀត តាមរយៈទំព័រហ្វេសប៊ុករបស់លោក អ៉ឹម ជីវ៉ា ដដែល បានឱ្យដឹងនៅវេលាថ្ងៃត្រង់ថ្ងៃទី ២២ ខែកក្កដា នេះថា កញ្ញា អាជី ដែលត្រូវជាបងស្រីបង្កើតរបស់ កញ្ញា អាម៉ី បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ ដោយទទួលបានថ្លៃបណ្ណាការ ច្រើនជាង អាម៉ី ទ្វេរដង ក្នុងនោះ លុយសុទ្ធចំនួន ៥០០ លានរៀល ខ្សែកពេជ្រ តម្លៃជិត ៧ម៉ឺនដុល្លារ ព្រមទាំងវីឡាតម្លៃជិតកន្លះលានដុល្លារថែមទៀត។



លោក អ៉ឹម ជីវ៉ា បានសរសេរឱ្យដឹងនៅទំព័រហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា “Wow ថ្ងៃនេះភ្ជាប់ពាក្យប្អូនស្រី អាជី ទទួលបានចំណងដៃពីខាងប្រុស លុយ ៥០០លានរៀល ខ្សែករពេជ្រ ជិត ៧០.០០០ដុល្លារ និងវិឡារតម្លៃជិតកន្លះលានដុល្លារ សូមជូនពរប្អូនស្រីប្អូនប្រុសមានសុខភាពល្អ ស្រលាញ់គ្នារហូតណា “ ។



គួរឱ្យដឹងផងដែរថា កញ្ញា អាម៉ី និងអាជី ដែលជាបងប្អូនគ្នាបង្កើត ត្រូវបានអ្នកនិយមលេង បណ្ដាញសង្គមហ្វេសប៊ុក ស្គាល់ច្បាស់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះ ហើយពួកគេក៏ធ្លាប់ បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងមួយខែអាចរកចំណូល បានចាប់ពីខ្ទង់ ១០ម៉ឺន ទៅ ២០ម៉ឺនដុល្លារ ។

យ៉ាងណាក៏ដោយ ទន្ទឹមនិងភាពជោគជ័យនេះ ពួកគេក៏រងនូវការរិះគន់ យ៉ាងច្រើនផងដែរ ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុក ទៅលើការស្លៀកពាក់ ជាពិសេសគឺ ការប្រើប្រាស់ពាក្យពេចន៍អសុរស ជាដើម ៕ដោយ៖ ម៉ានី

