ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិន របស់ លោក កាំង ថៃ ដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្នំ។

ហេតុដែលបណ្ដាលអោយព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើដំណើរមកកាន់នគរភ្នំ នេះ ព្រោះយប់មួយព្រះបាទ ហ៊ុន ទៀន បានយល់សប្ដិឃើញថា ទេវតាដែលបីបាច់ថែរក្សាព្រះអង្គ បានធ្វើអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាអោយព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។ លោក កាំង ថៃ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិនមែន។ ដោយសុបិនឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រភ្នំតាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។

មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បានពើបប្រយុទ្ធជាមួយរាជធានីនៃរដ្ឋនេះ ដែល លោក កាំង ថៃ ថាមានព្រះនាមថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែលបាននាំកម្លាំងទ័ពមកវាយលុកលើសំពៅព្រះបាទ ហ៊ុន ទៀន មុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លីវយី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងអោយធ្លាយពីម្ខាងទៅម្ខាង។ ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវយី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសី តាំងពីពេលនោះមក។

ប្រភពមួយទៀតដែលរៀបរាប់ពីព្រឹត្តិការណ៍នេះដែរ គឺសិលាចារិកចាម នៅមីសឺន (គ្រិស្ដសករាជ ៦៥៨) បានឲ្យយើងដឹងថា ព្រះបាទ ហ៊ុន ទៀន ដែលចិន ហៅនោះឈ្មោះ កៅណ្ឌិន្យ ឯព្រះនាង លីវយី វិញ គឺព្រះនាង សោមាកូនព្រះច័ន្ទ។ ឯខាងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជា វិញ បានហៅព្រះនាមស្ដេចនោះថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលទំនៀមទម្លាប់ប្រពៃណីជាច្រើន អោយជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃនេះ។

ដូច្នេះ រួមសេចក្តីមក គឺព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និងព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាងនាគ នេះហើយ ដែលជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរជាដំបូងគេបង្អស់នោះ។ ម៉្យាងទៀត គឺពេលនោះហើយដែលព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែលជាជាតិឥណ្ឌា បាននាំយកនូវទំនៀមទម្លាប់ប្រពៃណីផ្សេងៗពីប្រទេសឥណ្ឌា មានសាសនា ភាសា អ្នកប្រាជ្ញអក្សរសាស្ត្រ ច្បាប់ទម្លាប់ផ្សេងៗ ពិសេស គឺរបៀបរៀបចំ ឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែមអោយ ឬបញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយ ដូចជាជំនឿលើព្រលឹងដូនតា គោរពមេបា អារក្ខអ្នកតា និងលទ្ធិមាតាធិបតេយ្យយកមេជាធំ ដែលជាហេតុធ្វើអោយសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត៕
ប្រភព៖http://sabay

