ភ្នំពេញ៖ តារាសម្ដែង សិទ្ធី នីកា ក្រោយពីបានចូលប្រឡូកវិសិល្បៈវិញសង្កេតឃើញថា នាងបានគ្រងដំណែងជាតួឯកជាបន្តបន្ទាប់ និងកំពុងមមាញឹកជាមួយការងារថតប្រូម៉ូតផលិតផលសម្រស់ផងដែរ ។
គួរឱ្យដឹងថា តារាស្រីវ័យ ២២ឆ្នាំ ខាងលើនេះ ក៏ធ្លាប់បានបាត់មុខមួយរយៈចេញពីពិភពសិល្បៈ ពេលកំពុងចាប់ផ្ដើមស្នេហ៍ដំបូងជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែល ជា បុត្រា ព្រះអង្គ នរោត្តម ចក្រពង្ស ។
យ៉ាងណាក៏ដោយ ក្រោយពី សម្រាលបានកូនប្រុសម្នាក់ ជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ស្រាប់តែ សិទ្ធី នីកា បានប្រឡូកចូលក្នុងឆាក សិល្បៈសារជាថ្មី ដោយចាប់បាន ឱកាសសម្ដែងជាតួឯក ក្នុងរឿងភាគ «ពណ៌ជីវិត» របស់ស្ថានីយទូរទស្សន៍ PNN ដោយសម្ដែងជាមួយតួឯកប្រុស ខាត់ វ៉ៃហាំង ។
យោងតាមប្រភពពីទំព័រហ្វេសប៊ុក “គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ” បានបង្ហើបថា តារាស្រីកូនមួយ ដែល រូបនេះកំពុងត្រៀមថតរឿងភាគថ្មីមួយរឿងទៀតមានចំណងជើងថា “ស្នេហ៍ឥតព្រៀង” ក្នុងដំណែងជាតួឯកស្រី ប៉ុន្តែមិនទាន់ដឹងថា តួឯកប្រុសជាតារារូបណាឡើយ ។
សូមបញ្ជាក់ថា តារាសម្ដែង សិទ្ធី នីកា ចូលប្រឡូកសិល្បៈដំបូងនៅអាយុ ១៣ឆ្នាំ ដោយកាលនោះ នាងបានចូលរួមថតរឿងអប់រំខ្លីឱ្យមណ្ឌល ព័ត៌មាន ស្ត្រី កម្ពុជា ។ ក្រោយមក នាងក៏បានលេចមុខនៅក្នុងបទចម្រៀង Original Songs និងស្ប៉តពាណិជ្ជកម្ម រួមទាំងរឿងភាគមួយចំនួនទៀត រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញដូចបច្ចុប្បន្ន ៕
ដោយ៖ ម៉ានី






