សិល្បៈ និង កម្សាន្ត

ភ្លេចៗ​ខ្លួន ផ្ទះដែលនាយ ពាក់មី សង់ជូនឪពុកម្ដាយក្មេក សម្រេចបាន ៥០ភាគរយហើយ

ភ្នំពេញ ៖ បើគិតមកទល់ពេលនេះ មានរយៈពេលជាង ២ខែហើយ ដែលតារាកំប្លែង ល្បីឈ្មោះ នាយ ពាក់មី បានចាប់ផ្ដើមសាង សង់ផ្ទះឈើ ស្កឹមស្កៃជូនឪពុកម្ដាយក្មេក ដែលផ្ទះនេះមានទីតាំងស្ថិត នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

បើយោងតាមការ សម្ភាសន៍ជាមួយ Lookingtoday កាលពីទើបតែចាប់ផ្ដើមបុកគ្រឹះសាងសង់ នាយពាក់មី បានប្រាប់ថា ផ្ទះនេះលោកបាន ត្រៀម ថវិការខ្ទង់ក្រោម ១០ម៉ឺនដុល្លារ សម្រាប់សាងសង់ ដោយយករចនាបទ ស្រដៀងផ្ទះឪពុកម្ដាយបង្កើតលោកនៅស្វាយរៀងដែរ ហើយមានលោក គឺជាមេជាងផ្ទាល់តែម្ដង ។

យ៉ាងណាម៉ិញ ក្រោយពីបានចំណាយ ពេលសាងសង់អស់រយៈពេលជាង ២ខែមកនេះ មុននេះបន្តិចនាយ ពាក់មី ក៏បានបង្ហាញពីគ្រោងផ្ទះ ដែលសម្រេចបាន ៥០ភាគរយហើយ ។

សម្រាប់ការសាងសង់ផ្ទះថ្មីជូនឪពុកម្ដាយក្មេកនេះផងដែរ នាយពាក់ធ្លាប់ប្រាប់ថា លោកមានគម្រោងសាងសង់ជូនពួកគាត់យូរឆ្នាំណាស់មកហើយ ប៉ុន្តែគ្រាន់តែត្រូវរង់ចាំ មានថវិកាគ្រប់សិន ឥលូវនេះ ទើបមានឱកាស ។

នាយពាក់មី ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា ជាតារាកំប្លែងដ៏ល្បីល្បាញក្នុងប្រទេស ប៉ុន្តែតែងតែធ្វើខ្លួន បែបសមញ្ញៗ មិនភ្លេចដើមកំណើត ដែលធ្លាប់ក្រលំបាកឡើយ ។ ហើយអ្វីដែលជាចំណុចល្អបំផុតនោះ គឺលោកតែងតែជួយជ្រោមជ្រែង ឪពុកម្ដាយ បងប្អូន ទាំងសាច់ថ្លៃ និងបង្កើត ធ្វើយ៉ាងណាឱ្យមានជីវភាពល្អប្រសើរស្មើៗគ្នា ។ តួយ៉ាងកាលពីប៉ុន្មានឆ្នាំមុន លោកក៏បានសង់ផ្ទះ ជូនឪពុកម្ដាយបង្កើត របស់លោក នៅខេត្តស្វាយរៀង ដែលចំណាយថវិកាអស់ប្រមាណជា ១៤ម៉ឺនដល្លារ ម្ដងរួចទៅហើយ ។

បច្ចុប្បន្ននេះ ទោះជាការងារសិល្បៈរបស់នាយ ពាក់មី ត្រូវបានស្ងប់ស្ងាត់ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន ប៉ុន្តែលោក កំពុងមមាញឹកខ្លាំង ជាមួយអាជីវកម្មផ្ទាល់ខ្លួនដូចជា រកស៊ីផ្នែកអចនទ្រព្យ និងជាតំណាងចែកចាយធំផលិតផលសុខភាពមួយផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top