ព័ត៌មានអន្តរជាតិ

៩ ចំនុច ពីទីក្រុង ដែលមានអ្នកជិះកង់ច្រើនបំផុត Amsterdam ប្រទេសហូឡង់

ប្រជាជនមកពីទូទាំងពិភពលោក ធ្វើដំណើរទៅទីក្រុងអាំស្ទែរដាំ គឺដើម្បីទស្សនាវប្បធម៌សេរី និងទេសភាពប្លែកៗ។ ទីក្រុងមួយ ក្នុងចំណោមទីក្រុង ដែលមានគំនិតបើកចំហបំផុតរបស់អឺរ៉ុប គឺទីក្រុងអាំស្ទែរដាំ។ ដែលទីក្រុងនេះ មានកន្លែងស្នាក់នៅ បារ និង ពិធីបុណ្យអ្នកស្រលាញ់ភេទដូចគ្នា ព្រមទាំងវប្បធម៌កញ្ឆា ជាមួយហាងកាហ្វេជាង ២០០ នៅកណ្តាលទីក្រុង។

ការដើរកណ្តាលទីក្រុង ជាមួយប្រឡាយជាង ១៥០ និងស្ពានចំនួន ១.២៨១ ដែលប្រឡាយទាំងនេះ ត្រូវបានរុករក និងកែច្នៃយ៉ាងល្អបំផុត។ សូមពិនិត្យឆ្វេងស្តាំ ឲ្យបានយ៉ាងតិច២ដង មុនពេលឆ្លងកាត់ផ្លូវ ព្រោះការជិះកង់នៅទីនោះមានល្បឿនលឿន។ ជឿ ឬមិនជឿ ការពិតទាំងនេះ ស្ថិតក្នុងចំណោម រឿង ៩ យ៉ាង ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង អំពីទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់។

១. ទីក្រុងអាំស្ទែរដាំ ជាទីក្រុងនៃបង្គោលឈើរាប់លាន៖ អគារភាគច្រើននៅទីក្រុងអាំស្ទែរដាំ ត្រូវបានសាងសង់ឡើងពីបង្គោលឈើ ដែលមានប្រវែងចន្លោះ ១៥ ទៅ ២០ ម៉ែត្រពីគ្នា។ ផ្ទះនិមួយៗ ប្រើប្រាស់បង្គោលឈើ មិនតិចជាង ១០ ដើម សូម្បីតែព្រះរាជវាំង នៅទីក្រុងអាំស្ទែរដាំ ត្រូវសាងសង់ឡើង ដោយប្រើប្រាស់បង្គោលឈើជាង ១៣.៥០០ ។

២. ទីក្រុងនេះមានប្រឡាយច្រើនជាងទីក្រុង Venice៖ ប្រឡាយនៅសតវត្សរ៍ទី ១៧ របស់ទីក្រុងអាំស្ទែរដាំជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹងទីក្រុង Venice ដែលធ្វើឱ្យទីក្រុងហូឡង់ ទទួលបានរហស្សនាមថា “ Venice of the North” ។ តាមពិតទីក្រុងអាំស្ទែរដាំ គឺជាជំរកប្រឡាយ ដែលមានចំនួន ១៦៥ ប្រវែងសរុប ៥០ គីឡូម៉ែត្រ ខណៈដែលប្រទេសអ៊ីតាលី មានត្រឹមតែ ១៥០ ប៉ុណ្ណោះ។

៣. ទីក្រុងអាំស្ទែរដាំមានកង់ច្រើនជាងមនុស្ស៖ ទីក្រុងអាំស្ទែរដាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញយូរអង្វែងជាទីក្រុងដែលងាយស្រួលជិះកង់ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលលឺសំលេងគ្រហឹមបន្លឺឡើងពីអ្នកជិះកង់ពេញមួយថ្ងៃ ប្រជាជនជាង ៦០% ជិះកង់ជារៀងរាល់ថ្ងៃ ហើយមានកង់ប្រហែល ៣ គ្រឿង សម្រាប់រថយន្តនីមួយៗនៅលើដងផ្លូវ។ សម្រាប់អ្នកដែលដើរទស្សនាក្នុងទីក្រុងត្រូវប្រាកដថា អ្នកមិនដើរលើផ្លូវកង់។

៤. រដ្ឋធានីដំបូងរបស់ពិភពលោកដែលអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់៖ ទីក្រុងអាំស្ទែរដាំ (និងប្រទេសហូឡង់ដែលនៅសេសសល់) គឺជាទីក្រុងដំបូងគេដែលអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ក្នុងឆ្នាំ ២០០១។ ចាប់តាំងពីពេលនោះមកទីក្រុងនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមក្នុងចំណោមសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ មហោស្រពស្រលាញ់ភេទដូចគ្នាប្រចាំឆ្នាំ របស់ទីក្រុងអាំស្ទែរដាំនាំមកនូវពិធីជប់លៀងការបញ្ចាំងភាពយន្ត ព្រឹត្តិការណ៍កីឡាការជជែកវែកញែកនិងក្បួនដង្ហែរប្រឡាយដ៏ល្បីល្បាញលើពិភពលោក។

៥. ថ្នាំជក់ត្រូវបានហាមឃាត់នៅក្នុងហាងកាហ្វេនិងភោជនីយដ្ឋាន៖ ថ្នាំជក់ និងកញ្ឆា អាចស្របច្បាប់នៅទីក្រុងអាំស្ទែរដាំ ប៉ុន្តែការជក់បារី ថ្នាំជក់ត្រូវបានហាមឃាត់នៅក្នុងហាងកាហ្វេ និងភោជនីយដ្ឋានតាំងពីឆ្នាំ ២០០៨។ នៅតាមរថភ្លើងស្ថានីយ៍ និងកន្លែងរង់ចាំ ក៏ត្រូវហាមមិនឲ្យជក់បារីដែរ។ ប្រសិនបើអ្នកត្រូវបានអាជ្ញាធរចាប់បានរំពឹងថានឹងបង់ប្រាក់ពិន័យ ២៥ ផោនឬច្រើនជាងនេះ។

៦. អាំស្ទែរដាំមានទូកជាង ២.៥០០ ទូក៖ មានទូកផ្ទះជាង ២.៥០០ នៅអាំស្ទែរដាំ ដែលភាគច្រើនអ្នកអាចស្នាក់នៅជំនួសសណ្ឋាគារធម្មតា។ មានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ និងទន្លេអាំស្ទែល។ ផ្ទះអណ្តែតទាំងនេះត្រូវបានសាងសង់នៅលើផ្លូវបេតុង​ ហើយមានលក្ខណៈពិសេសទាំងអស់នៃផ្ទះធម្មតាដូចជាបន្ទប់ទឹកផ្ទះបាយ និងបន្ទប់គេង។

៧. នៅអាំស្ទែរដាំ មានផ្ទះសម្រាប់ឆ្នាំអនាថា ឬឆ្មាដែលត្រូវគេបោះបង់ចោល៖ Poezenboot ជារឿយៗទាក់ទាញហ្វូងមនុស្សដែលចូលចិត្តឆ្មា ព្រោះវាជាទូកផ្ទះតែមួយគត់នៅក្នុងប្រទេសហូឡង់ និងប្រហែលជាមានតែ១នៅលើពិភពលោក សម្រាប់ឆ្មាដែលត្រូវគេបោះបង់ចោល។ ផ្ទះអណ្តែតនេះ មានចម្ងាយប្រហែល ៦៥០ ម៉ែត្រភាគនិរតីនៃស្ថានីយ៍កណ្តាលទីក្រុងអាំស្ទែរដាំ ហើយទីកន្លែងនោះ មិនត្រូវបានគិតថ្លៃសម្រាប់ការចូលទៅមើលនោះទេ។

៨. ផ្ទះកាន់តែតូចចង្អៀត ពន្ធកាន់តែទាប៖ ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមានផ្ទះនៅទីក្រុងអាំស្ទែរដាំ ភាគច្រើនតូចចង្អៀត? ត្រលប់ទៅសតវត្សរ៍ទី ១៧ ចំនួនប្រជាពលរដ្ឋដែលត្រូវបង់ពន្ធ គឺផ្អែកលើទទឹងផ្ទះរបស់ពួកគេ ដែលនេះបណ្តាលឱ្យមានអាគារតូចៗជាច្រើនដែលមានកំពស់ ៤ ឬ ៥ ជាន់។ ផ្ទះតូចចង្អៀតបំផុតនៅទីក្រុងអាំស្ទែរដាំ មានទីតាំងស្ថិតនៅលើវិថី អ៊ូឌូហូហ្កាស្ត្រាត ២២ ដែលមានទទឹងត្រឹមតែ ២ ម៉ែត្រ និងជម្រៅ ៥ ម៉ែត្រ។ នៅ Singel 7 អ្នកអាចឃើញផ្ទះដែលមាន facade តូចចង្អៀតបំផុតដែលមានប្រវែងត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ។

៩. ស្ត្រីបម្រើសេវាកម្មផ្លូវភេទនៅពេលយប់ ត្រូវបង់ពន្ធ៖ ស្រីៗ នៅអាំស្ទែរដាំ អាចបម្រើសេវាកម្មផ្លូវភេទបានដោយស្របច្បាប់ ប៉ុន្តែត្រូវបង់ពន្ធ ដូចអ្នកធ្វើការទូទៅ ៕ប្រភព៖http://sabay

Most Popular

To Top