ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ គឺជាខួបគម្រប់៨៨ឆ្នាំ នៃការចាប់កំណើត របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ នាខេត្តស្ទឹងត្រែង ។ មានការជជែកគ្នាមិនតិចទេ នៅលើបណ្ដាញសង្គមជុំវិញស្នាដៃសិល្បៈ សំឡេងពីរោះគ្មានពីរ និងបានជជែកពីថ្ងៃកំណើតរបស់លោកឡើងវិញ ប៉ុន្ដែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺគេនិយាយពីមរណភាពរបស់លោក ។
ចៅកម្ពុជា ដែលតែងតែបង្ហាញ ពីប្រវត្តិតារាចម្រៀង កវីនិពន្ធ និងតារាភាពយន្ត បាត់បង់ជីវិតជំនាន់ដើម បានបង្ហោះសារខ្លីមួយដោយមានភ្ជាប់រូបថត១សន្លឹករបស់លោក ស៊ីន ស៊ីសាមុត ថា លោក ស៊ីន ស៊ីសាមុត បានកើតនៅលើទឹកដី ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ បើគិតមកទល់នឹងថ្ងៃនេះ គឺថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ មានរយៈកាល៨៨ឆ្នាំមកហើយ។ តាមរយៈសារនេះ គេឃើញម្ចាស់គណនីFacebook ឈ្មោះ Makara Seng បានលាតត្រដាងពីជីវិតចុង ក្រោយរបស់ ស៊ីន ស៊ីសាមុត ដ៏សង្វេគ ។
Makara Seng សរសេរថា លោក ស៊ីន ស៊ីសាមុត និងលោក គង្គ សំអឿន ត្រូវបានគេយកមកសម្លាប់នៅមន្ទីរស-១៥ ឬមន្ទីរពោធិ៍ទន្លេ ស្ថិតនៅស្រុកកោះធំ ខេត្ដកណ្ដាលដូចគ្នា។ ប្រភពដដែលនេះបន្ថែមថា៖ “លោក(ស៊ីន ស៊ីសាមុត) រស់បាន១ឆ្នាំ ១ខែ និង១ថ្ងៃ ទើបកម្មាភិបាលជំនាន់នោះឈ្មោះ ម៉ារ៉ា យកទៅសម្លាប់ លោក(ស៊ីន ស៊ីសាមុត) បានស្លាប់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦។ រីឯលោក គង្គ សំអឿន វិញគេយកទៅសម្លាប់មុនគាត់….នៅពេលគេហៅឈ្មោះគាត់ គេឲ្យគាត់ច្រៀង ហើយគាត់មិនច្រៀង ត្រូវគេវាយដំនឹងគល់ឬស្សី ហើយក្រោយមកគាត់បានស្លាប់ ដោយកាំបិតចិតត្នោត ដោយកូនក្មេងខ្មែរក្រហមបួនទៅប្រាំនាក់” ។
គិតត្រឹមម៉ោង១០ ថ្ងៃទី២៤ ខែសីហា នេះ Sabay មិនទាន់អាចទាក់ទងលោក សេង មករា ឬMakara Seng ដើម្បីសុំការបញ្ជាក់បន្ថែម លើអ្វីដែលលោកបានសរសេរនោះ ថាវាជាការពិតដោយលោកបានឃើញ ហេតុការនោះផ្ទាល់ភ្នែក ឬមានអំណះអំណាងអ្វីជុំវិញដំណើរចុងក្រោយ នៃមរណភាពរបស់កំពូលតារាចម្រៀងខ្មែរ គឺលោក ស៊ីន ស៊ីសាមុត នេះ ។
ប៉ុន្តែមានប្រិយមិត្ដភាព ច្រើនបានជឿលើការអះអាងនេះ ដោយលោក សេង មករា បានបង្ហាញយ៉ាងច្បាស់ពីកាលបរិច្ឆេទ និងទីតាំងសម្លាប់តារាចម្រៀង ស៊ីន ស៊ីសាមុត និងតារាសម្ដែងគង់ សំអឿន ៕