ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត ព្រមទាំងភរិយា បានរៀបចំកញ្ចប់អំណោយជាផ្លែមៀន យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចែកជូនបងប្អូន ប្រជាពលរដ្ឋ ដោយក្នុងម្នាក់ៗទទួលបានចំនួន ៥គីឡូក្រាម ។ ការចែកផ្លែមៀនខ្មែរ ដោយមិនគិតថ្លៃនេះដែរបានធ្វើឡើងនៅគេហដ្ឋានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ផ្ទាល់តែម្ដង ។
យោងតាមសកម្មភាពដែលបង្ហាញនៅលើទំព័រហ្វេសប៊ុករបស់លោក ខេមរៈ សិរីមន្ត ក៏ដូចជាគណនីហ្វេសប៊ុកភរិយារបស់លោក គឺអ្នកស្រី គួយ ផល្លី ព្រឹកថ្ងៃនេះ បានបង្ហាញឱ្យឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកឈរចាំត្រៀបត្រានៅបរិវេណខាងមុខផ្ទះលោក ខេមរៈ សិរីមន្ត ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រឹទ្ធាចារ្យហ៊ុន នាង ក្បែរវត្តសំរោងអណ្ដែត ដើម្បីទទួលយកអំណោយជាផ្លែមៀនខ្មែរ ក្នុងម្នាក់ៗទទួលបានចំំនួន ៥គីឡូ ។ សូមបញ្ជាក់ថា សម្រាប់ការចែកជូនផ្លែមៀននេះដែរ គឺតារាចម្រៀង ខេមរៈ សិរីមន្ត ព្រមទាំងភរិយា បានធ្វើឡើងជាសាធារណៈ ពុំបានអញ្ជើញជាមុនឡើយ ដូច្នេះហើយទើបមិនអាចផ្ដល់ឱ្យគ្រប់គ្នាសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅដល់ ។
គួរឱ្យដឹងថា តារាចម្រៀង ខេមរៈ សិរីមន្ត កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានធ្វើសកម្មភាពចុះទៅចំការមៀន និងតាង៉ែន ក្នុងខេត្តបាត់ដំបង និងប៉ៃលិន ជាមួយនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផ្ទាល់ដើម្បីជួយទិញកសិផលទាំងនោះ ពីបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះទីផ្សារលក់ចេញ ។
នៅក្នុងបេសកកម្ម ចូលទៅជួយប្រមូលទិញមៀន និងតាង៉ែន នាពេលកន្លងមក តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញទឹកមុខសប្បាយរីករាយ មិនខ្លាចនឿយហត់ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋទៀតផង ៕




ដោយ៖ ម៉ានី
