ភ្នំពេញ ៖ តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ប៉ុន្មានថ្ងៃចុងក្រោយ នេះ បានរងនូវការរិះគន់ មិនពេញចិត្តជាខ្លាំង ពីសំណាក់អ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុក មួយចំនួនធំ ក្រោយពីនាង បាននិយាយចំៗទៅកាន់តារាចម្រៀង បាន មុន្នីល័ក្ខ ថា បានលួចបទចម្រៀងរបស់នាង យកទៅច្រៀង ទាំងមិន មានការសុំអនុញ្ញាត្តិ ។ គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយឡើយ ដែលតារាចម្រៀងស្រីជើងចាស់ ល្បីឈ្មោះជាច្រើន ជំនាន់ខាងលើ មានប្រត្តិកម្មមិនពេញចិត្ត ចំពោះតារាចម្រៀងរលកក្រោយ បាន មុន្នីល័ក្ខ ដែលយកបទចម្រៀង របស់ខ្លួន ទៅបកស្រាយឡើងវិញ (Cover) និងបង្ហោះ នៅលើទំព័រយូធូប ដោយមិនមានការសុំសិទ្ធជាមុន ក៏ដូចជាមិនមានបង្ហាញឈ្មោះម្ចាស់ចម្រៀងដើម ។ ហើយប្រតិកម្មថ្មីលើកនេះ ដោយសារ តារាចម្រៀង បាន មុន្នីល័ក្ខ បានយកបទចម្រៀងមួយបទ ដែលអ្នកនាង ម៉េង កែវពេជ្ជតា ធ្លាប់បកស្រាយគឺ “ជំនោរដើមខែ” យកមកបកស្រាយឡើងវិញ ។
ទោះបីជាមានអ្នកលេងហ្វេសប៊ុកមួយចំនួនធំរិះគន់ទៅលើអ្នកនាង ម៉េង កែវពេជ្ជតា ថា ជាតារាចម្រៀងចិត្តចង្អៀតយ៉ាងណាក៏ដោយ ក៏ម្ចាស់បទ “អណ្ដាតម្ដាយក្មេក” រូបនេះនៅតែព្យាយាមតបត ព្រមទាំងលើកហេតុផលថា កាលដែលតារាចម្រៀងថ្មី យកចម្រៀងរបស់តារារៀមច្បងដែលជាម្ចាស់បទ មកបកស្រាយដោយមិន មានការសុំអនុញ្ញាត ក៏ដូចមិនដាក់ឈ្មោះម្ចាស់ដើមនេះ គឺជាចេតនាចង់បំផ្លាញ និងបំបាត់ឈ្មោះម្ចាស់ដើម ធ្វើឱ្យអ្នកស្ដាប់ក្មេងៗវង្វេងមិនស្គាល់ម្ចាស់បទដើម ពោលគឺសកម្មភាពរបស់ បាន មុន្នីល័ក្ខ ដែលយកបទចម្រៀងរបស់អ្នកនាង ម៉េង កែវពេជ្ជតា មកច្រៀងឡើងវិញនេះ មិនមែនជាចេតនាស្រឡាញ់ គាំទ្រ អ្វីឡើយ ។
នៅក្នុងឃ្លាមួយនៃសាររបស់ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរយ៉ាងដូច្នេះថា “… អូនមិនមែនច្រៀងបទរបស់បងព្រោះស្រលាញ់បងទេ គឺអូនចង់បំផ្លាញបង និងចង់បំបាត់ឈ្មោះបងពីចម្រៀង របស់បងទៅវិញទើបអូនធ្វើដូច្នេះ ។ ឥឡូវបងហត់នឿយណាស់ ហត់នឹងការបង្កររឿង របស់អូនណាស់ ដូច្នេះមានតែម្យ៉ាងគត់ គឺបងសូមប្រគល់បញ្ហានេះឱ្យអូនស្រាយវាដោយខ្លួនឯងព្រោះអូនជាអ្នកចង ។
បងមិនទាន់គិតអវិជ្ជមាន លើអូនទេថា រឿង អួរអាប់ទាំងប៉ុន្មាន គឺជាគំនិតអាក្រក់របស់អូនដែលរៀបចំឡើង តាមនិស្ស័យចូលចិត្តមើលឃើញ គ្រប់គ្នាត្រូវក្តៅក្រហាយ និងសប្បាយពេលឃើញគេជាន់ឈ្លីកិត្តយសបង ព្រោះពីរដងហើយឱ្យតែបង មានប្រតិកម្មជាមួយអូន គឺតែងតែមានអាខោនខ្មោចចូលមកជេរបងយ៉ាងសាហាវ ប៉ុន្តែអូនមិនដែលរវល់សូម្បីតែសួរសុខទុក្ខបងតាមឆាត មួយម៉ាត់ក៏គ្មាន …” ។
ទាក់ទងជាមួយការអាក់អន់ចិត្តរបស់ អ្នកនាង ម៉េង កែវពេជ្ជតា មកលើការបកស្រាយឡើងវិញនៃបទចម្រៀង “ជំនោរដើមខែ” នេះដែរ តារាចម្រៀង បាន មុន្នីល័ក្ខ ពុំបានតបតវែង ឆ្ងាយឡើយ ហើយថ្ងៃនេះនាងក៏បានសម្រេចចិត្តលុបចោល ហើយនាងក៏បានសូមទោស ជាសាធារណៈនៅលើគណនីហ្វេសប៊ុករបស់នាងផងដែរ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលមតិ របស់អ្នកលេងហ្វេសប៊ុកបានលើកឡើងថា តាមពិតបទចម្រៀង “ជំនោរដើមខែ” ដែលតារាចម្រៀង ម៉េង កែវពេជ្ជតា អះអាងថា ជាបទរបស់ខ្លួននេះ តាមពិតម្ចាស់បទដើមមានឈ្មោះ ម៉ម សុខា ទៅវិញទេ ។ ហើយណាមួយបទចម្រៀងមួយបទនេះដែរ ក៏មានតារាចម្រៀងជាច្រើនលើកមកបកស្រាយឡើងវិញ ដូចជា មាស សុខសោភា, ទូច ស៊ុននិច , អឿន ស្រីមុំ ជាដើម ៕
ដោយ៖ ម៉ានី