ភ្នំពេញ ៖ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ដែលអតីតតារាចម្រៀងស្រី ក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ គឺអ្នកនាង ជិន សេរីយ៉ា បានអវត្តមាន ពីទឹកប្រទេសកម្ពុជា ពោលគឺក្រោយពីបែកធ្លាយរូបថត អាក្រាតកាយ របស់នាងនាកំលុងឆ្នាំ ២០០៦-២០០៧ ។
បច្ចុប្បន្ននេះគេដឹងថា ម្ចាស់បទ«អ្នកណាកំណត់» ខាងលើ បានកំពុងរស់នៅយ៉ាង សុខសាន្ត ជាមួយស្វាមី នៅប្រទេសបារាំង ដោយបញ្ចប់អាជីពជាតារាចម្រៀង នៅប្រទេសកម្ពុជាទាំងស្រុងតែម្ដង ។
យោងតាមសកម្មភាពលើបណ្ដាញសង្គម ក៏បានបង្ហាញផងដែរថា ទោះជាមានវ័យជ្រេបន្តិចក៏ពិតមែន ប៉ុន្តែរបស់អ្នកនាង ជិន សេរីយ៉ា នៅតែស្រស់ស្អាត បើទោះជានាងកំពុងមានកូន ៣នាក់ ហើយយ៉ាងណាក៏ដោយ ។ ហើយសម្រស់របស់នាងនេះផងដែរ ក៏ត្រូវបានគេសម្គាល់ថា ពុំមានប្រែប្រួលច្រើន ពីកាលនៅជាតារាចម្រៀង ក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ឡើយ ។
គួរឱ្យដឹងផងដែរថា អ្នកនាង ជិន សេរីយ៉ា បានសាងប្រជាប្រិយភាពខ្លាំង ក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ជាមួយតារាចម្រៀងស្រីៗដូចជា អ្នកនាង សុគន្ធ នីសា អ្នកនាង ឱក សុគន្ធកញ្ញា និង កញ្ញា លី អ៊ីវ៉ាធីណា ជាដើម ។ អ្នកនាង ជិន សេរីយ៉ា ក៏បានគេកត់សម្គាល់ថា និយមច្រៀងតែបទមនោសញ្ចេតនា និងចង្វាក់ប្រពៃណីប៉ុណ្ណោះ ហើយសម្រាប់ ដៃគូចម្រៀងបុរស ដែលស័ក្ដិសមបំផុតជាមួយនាងគឺលោក ឈឿន ឧត្ដម ដោយអ្នកទាំងពីរ បានសាងស្នាដៃរួមគ្នា ជាច្រើនតាមរយៈបទ «ស្រីស្រស់ប្រុសស្អាត», «អត់មានគូប្រៀប», «កឋិនភូមិយើង» , «ឆ្នាំថ្មីស្រីទៅលេងឯណា» ។ល។

យ៉ាងណាមិញ នាកំលុងឆ្នាំ ២០០៦-២០០៧ រូបថតអាក្រាតកាយជាច្រើនសន្លឹករបស់អតីតតារាចម្រៀង ស្រីសំឡេងស្រាល ស្រទន់ ខាងលើ ត្រូវបានចែកចាយយ៉ាងច្រើន នៅលើបណ្ដាញអ៊ីនធឺណេត ដែលជាហេតុនាំឱ្យនាងសម្រេចចិត្ត ចាកចាញពីសិល្បៈភ្លាមៗតែម្ដង ហើយវត្តមានរបស់នាង ក៏ចាប់ផ្ដើមស្ងាត់សូន្យឈឹង ចាប់តាំងពីពេលនោះមក ៕

ដោយ៖ ម៉ានី
