ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់សោភា ទេព កញ្ញា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង នាមួយរយៈធំចុងក្រោយនេះ ដោយនាងបានចូលរួមសម្ដែង ជាតួអង្គឯក ក៏ដូចជាតួធំៗកាលពីពេលថ្មីៗនេះ នៅក្នុងរឿង «ម្ដាយពីរ» របស់ស្ថានីយទូរទស្សន៍ហង្សមាស រឿង «រឿងស្រមោលជីវិត» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងមានស្នាដៃសិល្បៈ មួយចំនួនផ្សេងទៀតផងដែរ ។
ក្រៅពីមានទេពកោសល្យ សម្ដែងយ៉ាងល្អហើយនោះ ទេព កញ្ញា ក៏បានធ្វើ ឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់របស់នាង ជាពិសេសគឺសាច់សខ្ចីហ្មត់រលោង របស់នាងតែម្ដង ។
ទស្សនិកជនបានកត់សម្គាល់ឃើញថា ចាប់តាំងពីឈានជើងចូលសិល្បៈរយៈពេលជាង ៥ឆ្នាំមកនេះ ស្រីស្អាត ទេព កញ្ញា ពុំដែលស្លៀកពាក់សិចស៊ី បញ្ចេញគល់ភ្លៅ និងចំហដើមទ្រូងម្ដងណាឡើយ ពោលគឺនាងតែងតែស្លៀក ធ្វើខ្លួនបែបស្រគត់ស្រគំ ប៉ុន្តែបង្ហាញពីភាពស្រស់ស្អាតខ្លាំង គន់មិនជិនណាយឡើយ ។ រឿងសំខាន់មួយទៀតនោះ បើគិតមកដល់សព្វថ្ងៃ ទេព កញ្ញា មានវ័យ ២៣ឆ្នាំ ហើយយ៉ាងណាក៏ដោយ ក៏នាងពុំធ្លាប់មានព័ត៌មានទំនាក់ទំនងស្នេហា ជាមួយបុរសរូបណាដែរ ។
ចាំបានថា កាលពីអំឡុងខែមេសា ឆ្នាំនេះ ទេព កញ្ញា ធ្លាប់បានបង្ហាញមុខកំលោះសង្ហារ ដែលកំពុងសិក្សានៅបរទេសម្នាក់ ថាជាគូស្នេហ៍របស់នាង ប៉ុន្តែបានប៉ុន្មានថ្ងៃក្រោយមកនាង ក៏បានបកស្រាយវិញថា នាង និងប្រុសម្នាក់នោះ គឺជាមិត្តជិតស្និទ្ធបំផុត របស់នាង ដូច្នេះនាងគ្រាន់តែលេងសើច ជាមួយគ្នាប៉ុណ្ណោះ ។
គួរឱ្យដឹងផងដែរថា ទេព កញ្ញា បានចាប់ផ្ដើមឈានជើងចូលសិល្បៈ នាអំឡុងឆ្នាំ ២០១៦ ហើយបានសាងស្នាដៃដំបូង តាមរយៈរឿង «ស្រទន់មន្តស្នេហ៍» ដែលជាស្នាដៃនិពន្ធ របស់អ្នកស្រី ម៉ីសន សុធារី ។ បន្ទាប់ពីនោះយីអ៊ុនរបស់នាង ក៏បានឡើងបន្តិចម្ដងៗ រហូតដល់សព្វថ្ងៃនេះ នាងបានលេចមុខនៅក្នុងរឿងភាគ របស់ស្ថានីយទូរទស្សន៍ធំៗ ក្នុងស្រុកដូចជា ទូរទស្សន៍ហង្សមាស ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និង ទូរទស្សន៍ PNN ជាដើម ៕ ដោយ៖ ម៉ានី