ភ្នំពេញ ៖ ជាង ១០ ឆ្នាំមកហើយ ដែលអតីតតារាសម្ដែងស្រី សិចស៊ី វ៉ាង ស្រីណូ បានសម្រេចចិត្តបោះបង់ អាជីពសិល្បៈចោលទាំង មិនអាឡោះអាល័យវិស័យ ដែលធ្លាប់ធ្វើឱ្យខ្លួនល្បីល្បាញ និង មានមុខមាន មាត់នោះទេ ដោយបច្ចុប្បន្ននាងកំពុង កាក់កបខ្លាំងទៅលើមុខជំនួញ ផ្នែកគ្រឿងសម្អាង និងមុខជំនួញជាច្រើនផ្សេងទៀត ។

ជាការពិតណាស់ បើត្រឡប់ទៅមើល កាលពីជាង ១០ឆ្នាំមុន វ៉ាង ស្រីណូ គឺជាតារាសម្ដែង ទទួលបានរហស្សនាម ជាតារាស្រីសិចស៊ីបំផុត នៅក្នុងប្រទេសកម្ពុជា ហើយក៏សម្បូររឿងអាស្រូវជាងគេផងដែរ ប៉ុន្តែក្រោយពីពេលសម្រេច ចិត្តដើរចេញ ពីលើវិថីសិល្បៈរួចមក នាងមិនធ្លាប់បង្ហាញពីជីវិតឯកជន ឬ មុរបររកស៊ីឱ្យ ទស្សនិកជនដឹងលឺនោះទេ ។

យោងតាមការផ្ដល់បទ សម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍មួយក្នុងស្រុក វ៉ាង ស្រីណូ បានឱ្យដឹងថា ជាង ១០ ឆ្នាំមកនេះ នាងបានប្រឹងប្រែង រកលុយតាមរយៈការរកស៊ី ជាមួយមុខរបរ ជាច្រើនមុខ ដូចជា ផ្នែកអចលនទ្រព្យ គ្រឿងសម្អាង ហើយនាងថែមទាំងមាន ហ៊ុនរកស៊ីមួយចំនួននៅ សហរដ្ឋអាមេរិក ទៀតផង ។

នៅក្នុងកិច្ចសន្ទនានោះ តារាស្រីដែលធ្លាប់តែល្បីថា ហ៊ានសូម្បីថតដោះខោអាវខាងលើនេះ បានបញ្ជាក់ថា ដោយសារតែការខិតខំប្រឹងប្រែងនេះ ទើបបច្ចុប្បន្នជីវភាព របស់នាងមានភាពល្អប្រសើរ មានលុយចាយពេញៗដៃ មានផ្ទះវីឡាជាច្រើនកន្លែង និង រថយន្តទំនើបៗជាច្រើនគ្រឿង ផងដែរ ។

សូមបញ្ជាក់ថា វ៉ាង ស្រីណូ បានបាត់ វត្តមាន ពីការ អាជីព សម្តែង តាំងពី អំឡុង ឆ្នាំ ២០១០ បន្ទាប់ ពី តារា រូបនេះ បានទទួលរងនូវ ព្យុះភ្លៀង ព័ត៌មាន ដ៏ រសើប ជា ច្រើនលើសលប់ជុំវិញនឹងអាជីព ក៏ដូចជាជីវិតឯកជន របស់នាង ។ ការបាត់មុខនេះ គឺដោយសារតែ វ៉ាង ស្រីណូ បានមទៅរស់នៅ សហរដ្ឋអាមេរិក តាមរយៈថៅកែភោជនីយដ្ឋាន មួយនៅទីនោះ ហើយគេទាំងពីរនាក់ក៏បានចងសម្ព័នភាព ស្នេហាជាមួយគ្នាក្រោមឈ្មោះជាគូដណ្ដឹង ។ ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ចែកផ្លូវគ្នា ធ្វើឱ្យបេះដូងអតីតតួឯកស្រី នៅក្នុងភាពយន្តខ្នាតធំ «មនុស្សឬខ្មោច» រូបនេះនៅទទេស្អាតរហូតដល់បច្ចុប្បន្ន ៕
ដោយ៖ ម៉ានី
