ភ្នំពេញ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពគឺអ្នកនាង ភិន សុដាលីស ក្រោយពីបានចែកផ្លូវជាមួយពិធីករប្រុសដ៏ល្បីឈ្មោះគឺលោក ប៉ែន ចំរ៉ុង រួចមក សង្កេតឃើញថា នាងបានបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសសង្ហារវ័យក្មេងជាហូរហែ ប៉ុន្តែមនុស្សប្រុសទាំងនោះចុងក្រោយនាងនិយាយថា មានទំនាក់ទំនងរាប់អានត្រឹមតែជាមិត្តភក្ដិជិតស្និទ្ធប៉ុណ្ណោះ ពុំមែនជាសេចក្ដីស្នេហាឡើយ ។ ហើយចំពោះព័ត៌មានជាក់លាក់ថា នាងមានគូរបញ្ចាំចិត្តហើយឬនៅនោះ មិនទាន់មានប្រភពណាមួយបញ្ជាក់ឡើយ ។


យ៉ាងណាមិញ ទោះមិនទាន់ប្រាកដថា អ្នកមេម៉ាយយេយេខាងលើនេះ មានអ្នកមកស្អំបេះដូងហើយឬនៅនោះ ក៏ទស្សនិកជនបានសង្ស័យទៅលើសកម្មភាពរបស់នាង ជាមួយបុរសប្លែកមុខម្នាក់ទៀត ដែលមិនមែនជាប់សាច់ឈាមអ្នកសិល្បៈ ដោយពួកគេតែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គម ។

ជាមួយគ្នានេះដែរ មកទល់ពេលនេះ ភិន សុដាលីស មិនទាន់ប្រាប់ថា បុរសនោះជានរណាឡើយ ខណៈដែលទស្សនិកជន ក៏នៅតែសង្ស័យថា បុរសនោះ អាចជាគូស្នេហ៍របស់នាង ព្រោះរាល់ពេលនាងទៅណាមកណា តែងតែទៅជាមួយគ្នាជានិច្ច ។ តួយ៉ាងកាលពេលពីម្សិលមិញនេះ នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់តារាសម្ដែង ចែឡេង ក៏អ្នកនាង ភិន សុដាលីស និងបុរសនោះ បានបណ្ដើរគ្នាត្រសងទៅចូលរួមជាមួយគ្នាទៀតផង ។

គួរឱ្យដឹងថា អ្នកនាង ភិន សុដាលីស ត្រូវបានទស្សនិកជនចាប់អារម្មណ៍ឃើញថា តែងតែលេងខ្លួនបែបសិចស៊ី ស៊ីវិល័យ និងបង្ហាញពីភាពរីករាយជាហូរហែនៅលើបណ្ដាញសង្គមជាមួយមិត្តភក្ដិប្រុស ស្រីរបស់នាង ។ ប៉ុន្តែមិនទាន់មានដំណឹងច្បាស់ការណាមួយថា នាងមានអ្នកចូលស្អំបេះដូងហើយ ឬនៅឡើយ ខណៈដែលកន្លងមក មានតែព័ត៌មានចរចាមអារ៉ាមប៉ុណ្ណោះ ៕

ដោយ៖ ម៉ានី

