ប្រទេសថៃ នឹងលើកលែងការធ្វើចត្តាឡីស័កចំពោះ ភ្ញៀវទេសចរដែលចូលមកទឹកដីថៃ ក្នុងលក្ខខណ្ឌបានចាក់វ៉ាក់សាំងពេញលេញ ហើយមកពីប្រទេសដែលចាត់ទុកថា មានហានិភ័យទាបក្នុងការឆ្លងវីរុសកូវីដ១៩។ នេះបើតាមសម្តីរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ថ្លែងតាមទូរទស្សន៍ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១។

ភ្ញៀវទេសចរយ៉ាងតិចណាស់ ១០ប្រទេស នឹងត្រូវបើកឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កទៀតនោះទេ។ ប៉ុន្តែតម្រូវឱ្យបង្ហាញលទ្ធផលតេស្តរកកូវីដ តាមរយៈម៉ាសុីន RT-PCR ដែលបានធ្វើនៅក្នុងប្រទេសរបស់ខ្លួន រួចពេលមកដល់ប្រទេសថៃ តម្រូវឱ្យធ្វើតេស្តរកកូវីដម្តងទៀត នោះភ្ញៀវទេសចរនឹងអាចដើរហើរបានដោយសេរី ដូចពលរដ្ឋថៃដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ប្រាយុទ្ធ។
ប្រទេសទាំង ១០នោះដែលថៃ ចាត់ទុកមានហានិភ័យទាប និងលើកលែងការធ្វើចត្តាឡីស័ក រួមមានប្រទេស ចិន អាល្លឺម៉ង់ សិង្ហបុរី អង់គ្លេស និង សហរដ្ឋអាមេរិក។ ប្រទេសនៅសេសសល់ នឹងប្រកាសបន្ថែមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ចំណែកភ្ញៀវទេសចរមកពីប្រទេសដែលមិនស្ថិតនៅក្នុងបញ្ជី តម្រូវឱ្យធ្វើចត្តាឡីស័កជាធម្មតា៕http://ប្រភព៖sabay



