ភ្នំពេញ៖ តារាចម្រៀង សុខ ពិសី ត្បិតតែទីផ្សារចម្រៀងស្ងប់ស្ងាត់ដោយសារជំងឺកូវីដ១៩ អូសបន្លាយយ៉ាងយូរ ប៉ុន្តែគេសម្កាល់ឃើញថា មិនមានបញ្ហាចោទឡើយសម្រាប់ហិរញ្ញវត្ថុរបស់នាង ផ្ទុយទៅវិញឆ្លៀតក្នុងពេលនេះនាងបានងាកទៅរកវិស័យរកស៊ីពេញដៃពេញជើង និងមានឈ្មោះជាថៅកែស្រីវ័យក្មេងផងដែរ ។
ជាការពិតណាស់ កាលពីអំឡុងខែមេសា ឆ្នាំនេះ តារាចម្រៀងស្រីឈានមុខរបស់ផលិតកម្ម សាន់ដេកញ្ញា សុខ ពិសី ផ្ដើមប្រកាសមុខជំនួញថ្មីដ៏ធំរបស់ខ្លួន គឺហាង តែគុជ Tealive Cambodia 310។ ហាងតែគុជ Tealive គឺជាប្រេនឆាយដ៏ល្បីនៅលើពិភពលោក ដែលកំពុងដំណើរការយ៉ាងជោគជ័យនៅតំបន់ អឺរ៉ុប និងប្រទេសនៅអាស៊ី ជាច្រើនទៀត។
ទាក់ទងនឹងការបើកហាងតែគុជ ខាងលើ ស្រីស្អាត សុខ ពិសី មិនដែលបានបង្ហាញថា មានការបណ្ដាក់ទុន ឬផ្ដាច់មុខដោយខ្លួនឯងឡើយ ។ ប៉ុន្តែបើក្រឡេកទៅមើលសកម្មភាពផ្សព្វផ្សាយវិញ គេឃើញថា ផលិតកម្មសាន់ដេបានជួយជ្រោមជ្រែងយ៉ាងខ្លាំងទៅលើការផ្សព្វផ្សាយហាងតែគុជមួយនេះ ដែលជាហេតុនាំឱ្យទស្សនិកជនមួយចំនួនធំខ្សឹបខ្សៀវគ្នាថា មិនមានអ្វីចំឡែកឡើយ ព្រោះនរណាៗក៏ដឹងថា ម្ចាស់បទ “ថ្ងៃណាបានចូលរោងការ” និងលោក ឡាយ សុខចំរើន ដែលជាអ្នកគ្រប់គ្រងទូទៅ និងជាកូនប្រុសម្ចាស់ផលិតកម្មសាន់ដេ មានទំនាក់ទំនងស្នេហាជាមួយគ្នាយូរណាស់មកហើយ ។
ជាមួយគ្នានេះដែរ ប្រភពពីអ្នកនៅក្នុងសង្គមសិល្បៈធ្លាប់បានបង្ហើបមកកាន់ Lookingtoday ថា ស្រីស្អាត សុខ ពិសី និងលោក ឡាយ សុខចំរើន មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនឆ្នាំដែរហើយ តាំងពីចូលផលិតកម្មសាន់ដេ តែនាងបានព្យាយាមលាក់បាំងព្រោះខ្លាចធ្លាក់ប្រជាប្រិយភាពប្រសិនបើបង្ហាញមុខប្រុសស្នេហ៍ជាសាធារណៈ។ ហើយពាក់ព័ន្ធនឹងជីវភាពដ៏ហាយសូ រហូតដល់មានលទ្ធភាពទិញសិទ្ធបើកហាងកែគុជ តម្លៃរាប់ម៉ឺនដុល្លារនេះ ក៏ទំនងជារកស៊ីរួមគ្នារវាងពួកគេទាំងពីរនាក់ផងដែរ ។
សូមបញ្ជាក់ថា សម្រាប់ការលើកឡើងខាងលើ គ្រាន់តែជាពាក្យចរចាមអារ៉ាមពីសំណាក់ទស្សនិកជន និងអ្នកសិល្បៈប៉ុណ្ណោះ ប៉ុន្តែការពិតយ៉ាងណានោះ Lookingtoday នឹងព្យាយាមទាក់ទងសុំការបញ្ជាក់ពីកញ្ញា សុខ ពិសី ដោយផ្ទាល់ ៕ ដោយ៖ ម៉ានី