ភ្នំពេញ៖ មុននេះបន្តិចអ្នកគាំទ្រ អតីតតារាកំប្លែងលោកតា ពុយហ្សូ ហាក់មានការតក់ស្លុតយ៉ាងក្រោយពីទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានបង្ហោះព័ត៌មានថា លោកតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទប់ សង្គ្រោះបន្ទាន់ (ICU)។
យោងតាមខ្លឹមសារព័ត៌មានរបស់ទំព័រហ្វេសប៊ុកសិល្បករកម្ពុជា បានឱ្យដឹងថា តារាកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទាប់ ICU ខណៈដែលលោកមានវ័យជិត ៨០ឆ្នាំទៅហើយ ។
អ្នកនាង ស៊ូ វណ្ណថា ត្រូវជាកូនស្រីបង្កើត និងជាអ្នកមើលថែផ្ទាល់ លោក ពុយហ្សូ បានផ្ដល់បទសម្ភាសន៍ជាមួយទំព័រហ្វេសប៊ុកខាងលើថា ឪពុករបស់ខ្លួនបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រមាណ៤ថ្ងៃមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។
ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ មានអាការៈ ក្អក និងហត់ខ្លាំង មានពេលខ្លះក្អកដង្ហក់រហូតចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជាឪពុកធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយសារតែលោកមានជំងឺរលាកសួត និងរលាកតម្រងរោម ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា កាលពីជាង១០ឆ្នាំមុន លោក ស៊ូ សាវ៉ាង ហៅតា ហ៊្វុយសូ ឪពុករបស់ខ្លួន ធ្លាប់មានជំងឺរបេងម្ដងរួចមកហើយ ក្រោយមកក៏ស្រាប់តែកើតជំងឺរលាកសួត និងរលាកតម្រងរោមនេះតែម្ដង ។
បើទោះជាយ៉ាងណា អ្នកនាងក៏បានអះអាងថា ឪពុករបស់ខ្លួនពេលនេះ គឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅមិនទាន់ដឹងថាពេលណាអាចចេញពីមន្ទីរពេទ្យបានឡើយ ហើយក្រុមគ្រូពេទ្យក៏កំពុងពិនិត្យតាមដានបន្ត ។
សូមជម្រាបថា លោក ស៊ូ សាវ៉ាង ហៅតា ហ៊្វុយសូ ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេសនៅក្នុងទសវត្ស៩០ និង២០០០ រហូតមកដល់ទល់នឹងធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៧ ។ លោកបានបន្សល់ទុកស្នាដៃជាច្រើននៅក្នុងវិស័យសម្ដែងទាំងភាពយន្តខ្នាតតូច-ធំ និងកំប្លែងផងដែរ ។ លើសពីនេះ សិល្បករជើងចាស់លោកតា ពុយហ្សូ និងភរិយា បានចំណាយពេលវេលាកម្លាំងកាយចិត្តជាច្រើន ដើម្បីបណ្ដុះបណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និងអ្នកស្រឡាញ់សិល្បៈដោយពុំគិតការតបស្នងថែមទៀតផង ៕ដោយ៖ ម៉ានី