ភ្នំពេញ ៖ ក្រោយពីបានតស៊ូ ជាមួយជំងឺអស់រយៈពេលច្រើនឆ្នាំ ទីបំផុតនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ ឪពុកបង្កើត របស់តារាចម្រៀង ករុណា ពេជ្រ បានទទួលមរណភាព បង្កឱ្យមានការរំជួលចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងមិត្តភក្ដិ ។

ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែល តារាចម្រៀង របស់ផលិតកម្មថោន លោក ករុណា ពេជ្រ បានតស៊ូមើលជំងឺឪពុក ដែលមានអាការៈដូចមនុស្សរុក្ខជាតិ ។ ហើយបើទោះជាមិនមានសង្ឃឹមថា ជំងឺឪពុកអាចជាសះស្បើយ យ៉ាងណាក៏ដោយ ក៏ម្ចាស់បទ «ហេតុអ្វីឱ្យបងស្គាល់អូន» នៅតែព្យាយាមចំណាយថវិការ យ៉ាងច្រើនដើម្បីធ្វើយ៉ាងសុំតែឃើញមុខឪពុកនៅក្បែរខ្លួន ទោះជាគាត់មាន ស្មារតីវង្វេង មិនស្គាល់សូម្បីតែកូនប្រុស យ៉ាងណាក៏ដោយ ។

ទាក់ទងជាមួយស្ថានភាពជំងឹ របស់ឪពុកបង្កើតនេះផងដែរ តារាចម្រៀង ករុណា ពេជ្រ ធ្លាប់បានប្រាប់កាន់ Lookingtoday ថា គាត់ (ឪពុកលោក ករុណា ពេជ្រ) មានអការៈ ដូចមនុស្សរុក្ខជាតិ អស់រយៈពេលជាង ៣ឆ្នាំមកហើយ ហើយបើទោះ ជាលោកនាំទៅព្យាបាល ជាមួយមន្ទីរពេទ្យធំៗប៉ុណ្ណាក៏ដោយ ក៏គ្រូពេទ្យប្រាប់ថាគ្មានសង្ឃឹមដែរ ពោលគឺស្ថានភាពជំងឺ របស់គាត់កាន់តែវិវឌ្ឍន៍ទៅមុខ មិនអាចជាសះស្បើយបានឡើយ ។ ប៉ុន្តែដោយសារ មិនចង់បាត់បង់ឪពុក ទោះជាដឹងថា គ្មានសង្ឃឹមក៏លោក ករុណា ពេជ្រ នៅតែព្យាយាមព្យាបាល រហូតដល់ថ្ងៃចុងក្រោយ ។

យ៉ាងណាក៏ដោយ សង្ខារមនុស្សមិនអាចឃាត់ឃាំង បានឡើយ ហើយក្រោយពីឪពុកទទួលមរណភាពភ្លាម លោក ករុណា ពេជ្រ ក៏បានបង្ហោះសារខ្លី ខ្សឹកខ្សួល នៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…” ៕

ដោយ៖ ម៉ានី

