ភ្នំពេញ ៖ អតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាពលោក គង់ រ៉ាយុទ្ធ និង ភរិយាគឺ អ្នកនាង អ៊ឹម សុគន្ធា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១ នេះ បានប្រារព្ធពិធីឡើងគេហដ្ឋានថ្មី ដែលជាផ្ទះវីឡាធំស្កឹមស្កៃតម្លៃជាង ១ លានដុល្លារ ស្ថិតនៅបុរីប៉េងហួត បឹងស្នោ ។
ការបង្ហាញផ្ទះវីឡាធំស្កឹមស្កៃ របស់ប្ដីប្រពន្ធអតីត តារាសិល្បៈមួយគូ នេះដែរបានធ្វើឱ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់ទស្សនិកជនជាច្រើន តែវាជារឿងធម្មតារបស់មហាជនមួយចំនួន ដោយគេដឹងថា គ្មានអ្វីចំឡែកឡើយសម្រាប់លោក គង់ រ៉ាយុទ្ធ និង ភរិយា ដែលជាអ្នកជំនួញជោគជ័យ ហើយថែមទាំងជាកូនចៅ ក្នុងត្រកូលគ្រួសារ អ្នកមានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភថែមទៀត ។

ជាការពិតណាស់ លោក គង់ រ៉ាយុទ្ធ បានជោគជ័យនៅក្នុងវិស័យលក់សម្លៀក បំពាក់ច្រើនឆ្នាំណាស់មកហើយ ដោយលោកមានហាងលក់ សម្លៀកបំពាក់ «រ៉ាយុទ្ធហ្វេសហ្សិន» ជាច្រើនសាខា និងមានហ៊ុនរកស៊ីជាមួយបងប្អូនបង្កើតៗ របស់លោកជាច្រើនមុខទៀត ដូចជាហាងស៊ុប និង ប៊ូហ្វេ ជាដើម ។ ចំណែកឯភរិយា របស់លោកគឺអតីតតារាម៉ូឌែល អ៊ឹម សុគន្ធា ក៏កំពុងជោគជ័យុយ៉ាងខ្លាំងទៅ លើវិស័យលក់ ផលិតផលគ្រឿង សម្អាងស្លាកយីហោផ្ទាល់ខ្លួន ។

គួរបញ្ជាក់ផងដែរថា លោក គង់ រ៉ាយុទ្ធ បានរៀបអាពាហ៍ពិពាហ៍ជាមួយ ភរិយាគឺអ្នកនាង អ៊ឹម សុគន្ធា នាកំលុងឆ្នាំ ២០១២ ហើយនៅពេលនោះ លោក បាន នាំ ភរិយា ទៅក្រេបច័ន្ទទឹកឃ្មុំ នៅសាំងហ្គាពួរ ចំនួន៧ថ្ងៃ ផងដែរ ។ ក្រោយរៀបការភ្លាម តារាសម្ដែងប្រុសក្នុងខារ៉ាអូខេបទ «អង្គរក្សបេះដូង» រូបនេះបានចាប់ផ្ដើម ពង្រីកមុខជំនួញរបស់ខ្លួន ដោយចាប់ដៃជាមួយបងប្អូនបង្កើតៗ របស់លោក ពង្រីកសាខាហាងលក់សម្លៀកបំពាក់ ព្រមទាំងបើកហាងស៊ុប និងប៊ូហ្វេ «កាកាស៊ូគី» ថែមទៀតផង ។ ហើយចាំបានថា កាលពីកំលុងឆ្នាំ ២០១២ លោក គង់ រ៉ាយុទ្ធ និង ភរិយា បានរៀបចំពិធីឡើងផ្ទះវីឡាមួយកន្លែងនៅ ម្តុំគិ រីរម្យ យ៉ាងអធិកអធមម្ដងរួចមកហើយ ៕

ដោយ៖ ម៉ានី








