ភ្នំពេញ៖ ទើបប្រឡូកចូលសិល្បៈជាតារាសម្តែង បានប្រមាណជាង៤ឆ្នាំ តារាស្រីវ័យក្មេង នែប ព្រំរិទ្ធិកា ក្ដោបបានឱកាស ក៏សាងភាពល្បីល្បាញជាច្រើន ហើយបច្ចុប្បន្ននេះ នាងក៏កំពុងកាក់កបខ្លាំង ជាមួយការងារថតម៉ូឌែល និងថតវីដេអូប្រម៉ូតផលិតផលជាច្រើន ជាមួយតារាយូធូបល្បីឈ្មោះ គឺលោក ផាន់ រ៉ុង ។

គិតមកទល់ពេលបច្ចុប្បន្ននេះ ស្រីស្អាត ដែលមានទីកំណើត នៅខេត្តកំពតខាងលើ មានវ័យ១៩ឆ្នាំហើយ ហើយនាងកំពុងក្លាយជាតារាស្រី រលកក្រោយមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់យុវវ័យ ដែលនិយមតាមដានលើបណ្ដាញសង្គម និងយូធូប ។

ក្រៅតែពីមានរូបសម្រស់ស្រស់ស្អាត គួរឱ្យស្រឡាញ់ហើយនោះ នែប ព្រំរិទ្ធិកា ក៏ត្រូវបានគេមើលឃើញថា នាងជាតារាស្រីវ័៏យក្មេងម្នាក់ ដែលហ៊ានថតបញ្ចេញសាច់ខ្ចី មិនចាញ់តារាសិចស៊ីៗ ជើងចាស់ប៉ុន្មានឡើយ ។ ដូច្នេះហើយទើបនាង អាចទទួលបានឱកាសជាបន្តបន្ទាប់ សម្រាប់កសាងភាពល្បីល្បាញ តាមរយៈការថត MV និងរឿងឿភាគ ក៏ដូចជារឿងអប់រំជាច្រើន ។

សូមបញ្ជាក់ថា នែប ព្រំរិទ្ធិកា បានឈានជើងចូលប្រឡូកសិល្បៈ នាកំលុងពាក់កណ្ដាលឆ្នាំ ២០១៧ គ្រាដែលនាងទើបតែមានវ័យជាង១៥ឆ្នាំ និងកំពុងសិក្សាថ្នាក់ទី១១ ។ ស្រីស្អាតរូបនេះ បានធ្វើឱ្យអ្នកគាំទ្រចាប់ផ្ដើមស្គាល់ តាមរយៈការសម្ដែងរឿងខ្លីៗ បង្ហោះលើយូធូប ជាមួយតារាយូធូប ផាន់រ៉ុង ហើយចំណុចពិសេស ដែលនាងឆាប់ទទួលបាន កេរ្តិ៍ឈ្មោះល្បីនោះ គឺសមត្ថភាពសម្ដែងដូចធម្មជាតិ សម្រស់ស្រស់ស្អាត ជាពិសេសគឺដងខ្លួនដ៏ស្រឡូន និងការតុបតែងខ្លួន បែបសិចស៊ីតែម្ដង ។

ក្រោយពីធ្វើឱ្យអ្នកនិយមតាមដានវីដេអូ លើយូធូបស្គាល់យ៉ាងច្បាស់ហើយនោះ នាងក៏មានឱកាសបានសម្ដែងកុន ភាគដំបូងក្នុងរឿង «ផ្កាស្លា» ដែលនឹងត្រូវចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ ស៊ីធីអិន។ បន្តបន្ទាប់មកនាង ក៏បានចូលរួមសម្ដែងជាតួឯកស្រី នៅក្នុង MV បទចម្រៀង របស់តារាចម្រៀង ខេមរៈ សិរីមន្ត គឺបទ «ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង» និង«នឹកបងខ្លះទេ» ហើយឱកាសនេះ កាន់តែធ្វើឱ្យនាងកាន់តែមានឈ្មោះបោះសំឡេងខ្លាំង ជាងមុនទ្វេរដង៕ ដោយ៖ ម៉ានី











