ភ្នំពេញ៖ ដូចដែលទស្សនិកជន បានជ្រាបមកហើយថា តារាសម្ដែង និងជាពិធីការិនី គង់ ចាន់ស្រីមុំ និងស្វាមីរបស់នាង តែងតែបង្ហាញស្ទីលថតរូបប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនតាមរយៈបណ្ដាញសង្គម ហើយកន្លងមករូបថត របស់គូស្វាមីភរិយាមួយគូនេះ ត្រូវបានទស្សនិកជនជាច្រើន ពោលសរសើរមិនដាច់ពីមាត់ ហើយពេលខ្លះរងនូវពាក្យរិះគន់ផងដែរ ។ តួយ៉ាងកាលពីមួយរយៈកន្លងទៅថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីអ្នកលេងហ្វេសប៊ុក ទៅលើរូបថតសិចស៊ី ដែលមើលទៅហាក់បង្ហាញ ពីភាពស្រើបស្រាល ។


ជាមួយគ្នានេះដែរ ថ្មីៗនេះ ប្ដីប្រពន្ធតារាសិល្បៈមួយគូខាងលើ បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក និង Instagram របស់ពួកគេជាថ្មី ដែលសុទ្ធតែជារូបសិចស៊ី ជារបៀបមនុស្សព្រៃ ខុសពីរូបថតមុន ដែលសម្ដែងជាឈុតឆាកស្រើបស្រាល ។

រូបថតថ្មីនេះ នេះបង្ហាញឱ្យឃើញថា ទាំងអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានស្លៀកឈុតក្នុង និងបំពាក់ស្លឹកឈើបិទបាំងពីលើ ជារបៀបមនុស្សព្រៃ ប៉ុន្តែវានៅតែបង្ហាញឱ្យឃើញសាច់ខ្ចីដដែល ។ ជាក់ស្ដែងសម្រាប់អ្នកនាង គង់ ចាន់ស្រីមុំ គឹមានបិទបាំងត្រឹមតែផ្នែកលើ និងក្រោមបន្តិចប៉ុណ្ណោះ ដែលមើលទៅពិតជាសិចស៊ី បង្ហាញរាងកាយដ៏ស្រឡូនរបស់នាង គួរឱ្យស្រឡាញ់បំផុត ។

សម្រាប់រូបថតខាងលើនេះផងដែរ សង្កេតឃើញថា ទទួលបានពាក្យពោលសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ និងមិត្តភក្ដិ មិនឃើញមានពាក្យរិះគន់ ណាមួយឡើយ ។
សូមរំឮកផងដែរថា កាលពីជាងកន្លះខែមុន អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ត្រូវបានមហាជនរិះគន់ ទៅលើរូបថតដំណើរកម្សាន្តមួយ របស់ពួកគេទៅកាន់រមណីដ្ឋាន ទឹកធ្លាក់មួយកន្លែង ដែលកាល នោះគេទាំងពីរនាក់ បានថតរូបស្លៀកឈុតប៊ីគីនី យ៉ាងសិចស៊ី និងបង្ហាញឱ្យឃើញ ពីកាយវិការសិចស៊ី បែបលើគ្រែទៀតផង ៕ដោយ៖ ម៉ានី










