អាវប៉ោងស្មា ត្រូវបានគេចាត់ទុកជាម៉ូតសម្លៀកបំពាក់ ដ៏ពេញនិយមមួយបែបរបស់ស្រ្តី នៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។ នៅក្នុងកំឡុងឆ្នាំ ១៨០០ នារីជនជាតិអឺរ៉ុប ចាប់ផ្តើមលេងម៉ូតសម្លៀកបំពាក់ ហើយអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរមួយរំពេច។

ក្នុងសត្សវត្សន៍ទី ១៩ ម៉ូតអាវប៉ោងស្មា នៅមានលក្ខណៈមើល ទៅសាមញ្ញនៅឡើយ ដោយស្រ្តីនៅតែពាក់អាវប្រភេទនេះ ជាអាវដៃវែង។ ពេលវេលាចេះតែដើរទៅមុខ ឈានចូលក្នុងសត្សវត្សន៍ទី ២០ អាវប៉ោងស្មារ បានក្លាយជាម៉ូតដ៏ពេញនិយម នៅក្នុងវិស័យ fashion។

បើយើងក្រឡេកទៅ លើនៅក្នុងប្រទេសអង់គ្លេស ឯណោះវិញ ជាទីស្ថានដែលប្រជាជនរបស់គេ ចូលចិត្តលេងម៉ូតសម្លៀកបំពាក់បំផុត ក៏មានការពេញនិយមខ្លាំង នូវម៉ូតអាវប៉ោងស្មានេះផងដែរ។ ឃើញថានៅក្នុងសករាជ របស់ព្រះនាងម្ចាស់ Victoria អង់គ្លេស អាវប៉ោងស្មា ត្រូវបានរចនាឡើងមក ប្រកបដោយភាពច្នៃប្រឌិត និងពាក់លើដងខ្លួនរបស់មនុស្សស្រី មានភាពទាក់ទាញខ្លាំង ជាពិសេសស្រ្តីដែលមានរាងស្អាតស្រាប់។

នៅក្នុងម៉ូតសម័យបច្ចុប្បន្ន អាវប៉ោងស្មា ត្រូវបានអ្នករចនាម៉ូតល្បីៗ ច្នៃចេញជាម៉ូតផ្សេងៗគ្នា តាមតម្លៃ និង ប្រភេទសាច់ក្រណាត់ដែលបានប្រើប្រាស់។ នៅក្នុងប្រទេសកម្ពុជាយើង អាវប៉ោងស្មាជាប្រភេទអាវប្រពៃណី ដែលខ្មែរ យើងទទួលឥទ្ធិពល ពីបស្ចឹមប្រទេស ក្នុងកំឡុងសម័យ អាណានិគមនិយមបារាំង រហូតមកដល់សម័យសង្គមរាស្រ្តនិយម។

អាវប៉ោងស្មា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេប្រើប្រាស់យ៉ាងទូលាយ ក្នុងរង្វង់ប្រពៃណីក៏ដូចជាការស្លៀកពាក់ទូទៅ រហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បី ប្រចាំប្រទេសកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា បានពាក់អាវប៉ោងស្មា តំណាងឱ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ នៅទូទាំងប្រទេស និងនៅឯនាយសមុទ្រថែមទៀតផង៕ Source: Sabay





