ភ្នំពេញ ៖ កញ្ញា ស៊ឹម ស្រីនិច ក្រោយពីបានលាឈប់ ពីសិល្បៈបានរយៈពេលជាង ៣ខែមកនេះ សង្កេតឃើញថា នាងកំពុងប្រើជីវិតឯកជន យ៉ាងស្រស់បំព្រងបំផុត ជាក្រុមគ្រួសារ និងមិត្តភក្ដិ ហើយក្ដីសុខមួយនេះនាងតែងតែបង្ហាញ ជារឿយៗនៅលើគណនី Instagram របស់នាង ។ ហើយអ្វីដែលចាប់អារម្មណ៍បំផុតនោះឃើញថា មួយរយៈចុងក្រោយនេះនាង តែងតែបង្ហាញវត្តយ៉ាងស្និទ្ធស្នាល ជាមួយបុរសប្លែកមុខម្នាក់ ដែលមហាជន ក៏ដូចជាអ្នកគាំទ្រសង្ស័យថា ជាមិត្តប្រុសរបស់នាង ។

ជាមួយគ្នានេះ ដើម្បីឱ្យអស់សង្ស័យ Lookingtoday ក៏បានទាក់ទាងសុំការបញ្ជាក់ពីអតីតតារាសម្ដែង និងម៉ូឌែល ស្រស់សោភា ស៊ឹម ស្រីនិច ហើយនាងក៏បានឆ្លើយ យ៉ាងរួសរាយថា ជាការពិតណាស់ បុរសនោះ គឺជាមិត្តប្រុសរបស់នាង ដែលបានស្រឡាញ់គ្នាកន្លះឆ្នាំមកហើយ ។
ទោះជាមិនបានឱ្យស្គាល់ ពីឈ្មោះ តែស្រីនិច បានបង្ហើបថា មិត្តប្រុស របស់នាង មានអាយុ ៣៣ឆ្នាំ គឺជាអ្នកជំនួញ ហើយជាធម្មតគាត់មិន សូវចេះចង់បង្ហាញខ្លួន លើបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយឡើយ ។

ទាក់ទងជាមួយថ្ងៃរៀបការ ស៊ឹម ស្រីនិច បានឱ្យដឹងដែរថា ខណៈនេះ ពួកនាងមិនទាន់គិតគូរថ្ងៃរៀបការឡើយ ដោយចង់ស្វែងយល់ចិត្តគ្នា ឱ្យយូរជាងនេះសិន ណាមួយនាង ក៏នៅមានវ័យក្មេងខ្ចី ពោលគឺទើបតែអាយុ ២២ឆ្នាំនៅឡើយទេ ។

គួរឱ្យដឹងផងដែរថា អតីតតារាស្រីសាច់សខ្ចី រាងស្រឡូន ស៊ឹម ស្រីនិច ទើបតែបានបង្ហាញរូបថត ស្និទ្ធស្នាលលើកដំបូង លើបណ្ដាញសង្គម Instgram ជាមួយគូស្នេហ៍របស់នាង កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ នៅក្នុងដំណើរកម្សាន្តទៅកាន់ តំបន់ទេសចរណ៍មួយកន្លែង ក្នុងស្រុកកាលពីពេលថ្មីៗនេះ ។ ហើយចំពោះដំណឹងនេះផងដែរ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្ដិ បានបង្ហាញអារម្មណ៍ សាទរយ៉ាងខ្លាំង និងជូនពរឱ្យគេទាំងពីរនាក់ ស្រឡាញ់គ្នាជារាងរហូត ៕

ដោយ៖ ម៉ានី





