សិល្បៈ និង កម្សាន្ត

ខ្យងគោកយក្ស បាត់ដានជាង ១០០ឆ្នាំមុន ត្រូវបានពិពណ៌នាដំបូង​ ដោយអ្នកធម្មជាតិវិទូបារាំង Henri Mouhot

ខ្យងគោកយក្សកម្ពុជា (Bertia cambojiensis) គឺជាប្រភេទខ្យង ដែលមានសម្បកធំ រស់នៅលើគោកក្នុងព្រៃស្រោង និងត្រូវបានពិពណ៌នាដំបូង ដោយអ្នកធម្មជាតិវិទូរបារាំងឈ្មោះ Henri Mouhot នៅឆ្នាំ១៨៦០ ពីកន្លែងមួយឈ្មោះថា Brelum (ជាភាសាបារាំង) នៃប្រទេសកម្ពុជា ប៉ុន្តែដោយសារថា ចំណុចនិយាមការនៃទីតាំងនោះ ពុំមានការកត់ត្រាច្បាស់លាស់ ទើបអ្នកស្រាវជ្រាវក្រោយៗ មកមានការលំបាក ក្នុងការកំណត់ទីកន្លែង ជាក់លាក់ណាមួយ ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ជាងនេះទៀត ព័ត៌មានអំពីប្រភេទ ខ្យងគោកយក្សកម្ពុជានេះ បានបាត់ស្ងាត់ឈឹង ដោយសារកង្វះការស្រាវជ្រាវ និងសង្គ្រាមស៊ីវិលក្នុងប្រទេស ហើយប្រការនេះនាំឱ្យមាន អ្នកវិភាគខ្លះនិយាយថា ប្រភេទខ្យងនេះពុំមានវត្តមាន នៅកម្ពុជាទៀតឡើយ (Sutcharit et al., 2019)។ នេះបើតាមការផ្សាយរបស់ ក្រសួងបរិស្ថាន។

មន្រ្តីក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញ នៃមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រទះឃើញប្រភេទខ្យងនេះ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី នាឆ្នាំ២០១៨ ហើយជាលទ្ធផល បានប្រមូលសំណាកមករក្សាទុក នៅសារមន្ទីរសត្តវិទ្យាជីវៈចម្រុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមរយៈរបកកំហើញឡើងវិញនេះ ក្រុមស្រាវជ្រាវក៏បានបោះពុម្ភផ្សាយ ពីប្រភេទខ្យងយក្សនេះ ក្នុងទស្សនាវដ្ដីស្រាវជ្រាវ វិទ្យាសាស្រ្ត CJNH នៅឆ្នាំ២០១៩។ របកគំហើញនេះ គឺជាការបញ្ជាក់ ឱ្យកាន់តែច្បាស់ថា ខ្យងគោកយក្សកម្ពុជា ពិតជាមានវត្តមាន នៅលើទឹកដី នៃប្រទេសកម្ពុជា ហើយក៏ស្របទៅតាមការដាក់ឈ្មោះ របស់អ្នកស្រាវជ្រាវដំបូងថា Bertia cambojiensis ដែលជាការសម្គាល់ទីតាំង ភូមិសស្រ្តប្រទេសកម្ពុជា (cambojiensis)។

ទោះបីជាមានការបញ្ជាក់ ពីការរកឃើញឡើងវិញ នៃប្រភេទខ្យងនេះ ក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ព័ត៌មានអំពីរបាយនៃប្រភេទ ចំនួនសរុប (ប៉ូពុយឡាស្យុង) និងកត្តាគំរាមកំហែង លើប្រភេទខ្យងនេះ នៅមានកម្រិតនៅឡើយ ដែលប្រការទាំងនេះតម្រូវឱ្យមាន ការសិក្សាស្រាវជ្រាវបន្ថែម និងចាត់វិធានការការពារ ឱ្យមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ខ្យងគោកយក្សកម្ពុជា នាពេលបច្ចុប្បន្នមានចំណាត់ថា្នក់ ជាប្រភេទសត្វជិតផុតពូជបំផុតជាសាកល ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ពីព្រោះ ខ្យងនេះមានវត្តមានតិចតួចប៉ុណ្ណោះ ក្នុងប្រទេសវៀតណាម និងពុំមានទិន្នន័យ ក្នុងប្រទេសកម្ពុជាឡើយ៕ Source: Sabay

Most Popular

To Top