សិល្បៈ និង កម្សាន្ត

មានរឿងអ្វីទៀតហើយ ! ពិធីការិនីរូបស្រស់ សូ ដានីតា ទាមទារឱ្យអ្នកនាង សឿ សុធារ៉ា ចេញមុខដោះស្រាយ ជាមួយនាង ជាបន្ទាន់ បើមិនចង់ឱ្យខ្មាសគេ

ភ្នំពេញ ៖ តារាសម្ដែងស្រីល្បីឈ្មោះច្រើនឆ្នាំ សឿ សុធារ៉ា ក្រោយពីបានស្ងប់ស្ងាត់រឿង បំណុលតុងទីនមួយរយៈខ្លី ស្រាប់តែលេចដំណឹងថា នាងកំពុងត្រៀមខ្លួន ថតរឿងភាគថ្មី របស់ផលិតកម្មរស្មីហង្សមាស ដែលនេះអាចនិយាយថា បានជារឿងភាគដំបូង ដែលនាងបានចូលរួមសម្ដែង ក្រោយផ្អាកពីសិល្បៈអស់រយៈពេលប្រមាណជាង ១០ឆ្នាំ ។

យ៉ាងណាមិញ សម្រាប់រឿងរ៉ាវចម្រូងចម្រាស់ ទាក់ទងនឹងតារាស្រីជើង ចាស់ខាងលើនេះផងដែរ ហាក់ដូចជាមិនទាន់ ចប់សព្វគ្រប់ឡើយ ដោយជាក់ស្ដែងមុននេះ ពិធីការិនី សូ ដានីតា ដែលធ្លាប់តែជាមនុស្ស ជិតដិតជាមួយអ្នកនាង បានចេញមុខ សរសេរសារគំរាមថា សូមឱ្យអ្នកនាង សឿ សុធារ៉ា ចេញមុខដោះស្រាយជាបន្ទាន់ជាមួយខ្លួន បើពុំដូច្នេះទេ នាងនឹងប្ដឹងប៉ូលិស ឱ្យទៅអន្តរាគមន៍ដល់កន្លែង ថតរឿងភាគថ្មី ដែលអ្នកនាង សឿ សុធារ៉ា ទើបតែទទួលសម្ដែងនោះតែម្ដង ។

នៅក្នុងសារ ដែលបង្ហោះដោយពិធីការិនី សូ ដានីតា មានខ្លឹមសារទាំងងស្រុងយ៉ាងដូច្នេះថា “នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ កោះហៅ រឺ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាង ជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ !
ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន” ។

យ៉ាងណាមិញ នៅក្នុងសាររបស់អ្នកនាង សូ ដានីតា សរសេរទៅកាន់អ្នកនាង សឿ សុធារ៉ា មិនបានបញ្ជាក់ឱ្យដឹងថា តើគេទាំងពីរនាក់ មានរឿងអ្វីជាមួយគ្នា ឱ្យប្រាកដឡើយ ដោយពុំច្បាស់ថា ជារឿងបំណុល ឬយ៉ាង ណា ដោយសារតែកន្លងមក អ្នកនាង សឿ សុធារ៉ា ត្រូវបានមនុស្សជាច្រើន ចេញមុខទាមទារឱ្យស្រាយរឿង បំណុលតុងទីន ហើយរឿងនេះ នាងក៏បានដោះស្រាយស្ងាត់ម្ដងរួចមកហើយ ។

ងាកទៅមើលសារ របស់ពិការិនីកូនមួយ សូ ដានីតា នេះផងដៃរ ក៏មានការចូលបញ្ចេញមតិយ៉ាងច្រើន ពីសំណាក់មហាជន ដែលពួកគេបានទាមទារ ឱ្យមានការយោគយល់ កំបំបាក់មុខ អ្នកនាង សឿ សុធារ៉ា នៅកណ្ដាលចំណោមថត ព្រោះណាមួយនេះ គឺជារឿងបុគ្គលិក គួរតែដោះស្រាយ កុំឱ្យប៉ះពាល់ដល់ក្រុមហ៊ុន ។ យ៉ាងណាក៏ដោយ Lookingtoday ក៏បានផ្ញើសារទៅកាន់អ្នកនាង សូ ដានីតា រួចរាល់ហើយ ដើម្បីសុំការបញ្ជាក់ថាតើ នាង មានបញ្ហាអ្វី ជាមួយអ្នកនាង សឿ សុធារ៉ា ៕

ដោយ៖ ម៉ានី

Most Popular

To Top