ភ្នំពេញ៖ វីជេ អាណូ ដែលកាលពីប្រមាណជាង ១៥ ឆ្នាំមុន មហាជននិយម តាមដានទស្សនាកម្មវិធីកម្សាន្តនានា របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រាកដជាស្គាល់យ៉ាងច្បាស់ ព្រោះកាលនោះ កេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញខ្លាំង ជាពិសេសគឺភាពក្រមិចក្រមើម និងការប្រើប្រាស់ភាសាអង់គ្លេស របស់នាងតែម្ដង ។

យ៉ាងណាមិញ កាលពីអំឡុងឆ្នាំ ២០០៨ វីជេ អាណូ បានបាត់មុខឈឹង លើវិថីសិល្បៈមួយរយៈធំ បន្ទាប់ពីបានលេចឮថា នាងត្រូវបាននារីម្នាក់បង្ករបួសស្នាម លើមុខរបស់នាង ដោយការយកឡាមឆូតមុខ ប៉ុន្តែកាលនោះ វីជេ អាណូ ក៏បានចេញមុខមកបដិសេធថា មិនមែនជារូបនាងនោះទេ ។
លើសពីនោះ កាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅ វីជេ អាណូ ក៏ហាក់ជាបង្ហាញដំរុយ ចង់ចូលសិល្បៈវិញ ដោយធ្វើជាពិធីការិនី នៅទូរទស្សន៍ហង្សមាស និង PNN ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការចូលខ្លួនជាថ្មី លើវិថីសិល្បៈលើកនេះ វីជេ អាណូ មិនត្រូវបានចាប់អារម្មណ៍ នៅក្នុងខ្សែភ្នែកទស្សនិកជនឡើយ ។ ដូច្នេះហើយទើបមានមនុស្សតិចនាក់ណាស់ ដឹងពីសុខទុក្ខរបស់ពិធីការិនី ស្រស់សោភាម្នាក់នេះ ។

ដោយឡែក បើក្រឡេកទៅមើល គណនីហ្វេសប៊ុករបស់ វីជេ អាណូ ដែលបានដាក់ឈ្មោះពិត របស់នាងថា សួន ភក្តី (Soun Pheakdey) នោះវិញ ក៏បានបង្ហាញថា បច្ចុប្បន្ននាងមានកូនស្រីចំនួន ២ នាក់ហើយដែរ ដែលកំពុងតែរស់នៅ យ៉ាងមានសុភមង្គល ។ ម្យ៉ាងវិញទៀត ក្រោយពីដាច់ភឹងលើវិថីសិល្បៈ សព្វថ្ងៃ វីជេ អាណូ ក៏កំពុងប្រកបរបរយ៉ាងសាមញ្ញមួយ គឺលក់អាហារឆ្ងាញ់ៗ និង មានសម្ភារមួយចំនួនទៀតផងដែរ៕ ដោយ៖ ម៉ានី




