ដូចដែលយើង បានដឹងស្រាប់ហើយថា សិង្ហបុរី មានកន្លែងកម្សាន្ត ជាច្រើនដែលត្រូវទៅទស្សនា ប៉ុន្តែ ក្នុងចំណោមនោះ មានកន្លែងមួយចំនួនដែលមានលក្ខខណៈពិសេសជាងគេ ដែលលោកអ្នកមិនអាចមើល រំលងបានឡើយ ប្រសិនបើអ្នកមានឱកាសទៅលេង ប្រទេសមួយនេះ។
លើសពីនេះទៅទៀត លោកអ្នកក៏អាចថតរូប ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត នៅតំបន់ទាំងនោះផងដែរ ។ ក្រៅពីមានតំបន់ទេស ចរណ៍ជាច្រើន ប្រទេសកូននាគអាស៊ីមួយនេះ ក៏មានប្រព័ន្ធដឹកជញ្ជូនប្រកបដោយផាសុកភាព និងមានអត្ថប្រយោជន៍ ផងដែរ។
១. Marina Bay Sands និង Gardens by the Bay
ដូចដែលយើងបានដឹង សម្រាប់ហើយ Marina Bay Sands គឺជាកន្លែងដ៏មានប្រជាប្រិយភាពនៅសិង្ហបុរី ដោយនៅទីនេះ ប្រមូលផ្តុំដោយកន្លែងកម្សាន្តជាច្រើនដូចជា សណ្ឋាគារលំដាប់ ផ្កាយដ៏ប្រណិត ផ្សារទំនើបមួយដែលស្ថិតនៅលើព្រែកជីកមួយ សារមន្ទីរ ArtScience និងកន្លែងគយគន់ទេសភាពទីក្រុងទាំងមូល Skypark Observation Deck ជាដើម។
ពី Skypark លោកអ្នកអាចមើលឃើញស្ពានឆ្លង សមុទ្រដ៏ស្រស់ស្អាត និងទិដ្ឋភាពក្នុទីក្រុងតែមូល ។ ជាមួយគ្នានេះ លោកអ្នកអាច ចំណាយពេលដើរត្រឹមតែ៤ ទៅ៥នាទីប៉ុណ្ណោះ ដើម្បីទៅកម្សាន្តនៅឧស្យាន Gardens by the Bay ដែលមានទេសភាពបែបធម្មជាតិ និងការច្នៃប្រឌិត ដ៏គួរឲ្យទាក់ទាញ។
នៅលើកំពូលដំបូលរមណីយដ្ឋាន Marina Bay Sands ភ្ញៀវទេសចរដែលនៅកម្សាន្ត ក៏អាចញ៉ាំអាហារក្រៅម៉ោង ឬក្រេបរសជាតិកាហ្វេ នៅឯភោជនីយដ្ឋាននៅកំពូលអគារផងដែរ ដូចជា Ce La Vi, LV Maison និង Bread Street Kitchen ជាដើម ក៏ដូចជាទិញវត្ថុអនុស្សាវរីយ៍នានា។
លោកអ្នកក៏អាចជួលឲ្យគេថតរូប ទុកជាអនុស្សាវរីយ៍ នៅពីមុខសណ្ឋាគារដ៏ធំ ជាមួយនឹងពន្លឺភ្លើងដ៏ស្រស់ស្អាត នៅពេលរាត្រី ផងដែរ។
ដោយឡែក នៅ Gardens by the Bay លោកអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងការរចនា និងការតុបតែងដ៏ប្លែកភ្នែក នៃសំណង់អគារដើមឈើ Supertree ខណៈដែលដើមឈើរហូតដល់ទៅ ១៦២.៩០០ ដើមត្រូវបានដាំទៅទីនោះ ស្របពេលដែលក៏មានការរចនា ជាពិសេសនៅសួន Garden Rhapsody ផងដែរ។
២. សួនសត្វសិង្ហបុរី ឬ Singapore Zoo
ប្រសិនបើអ្នកជាអ្នកចូលចិត្តសត្វ និងធម្មជាតិ សួនសត្វសិង្ហបុរី គឺជាកន្លែងដ៏គួរឲ្យទាក់ទាញក្នុងការទៅទស្សនាសត្វព្រៃជាច្រើនចម្រុះគ្នា។ នៅមិនឆ្ងាយពីសួនសត្វនេះ លោកអ្នកក៏អាចទៅទស្សនា និងកម្សាន្តនៅកន្លែងផ្សេងទៀតដែរដូចជា Night Safari, River Safari និងឧស្យាន Jurong Bird ផងដែរ។
ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍ក៏អាចកម្សាន្តជាមួយនឹងការ ដើរមើលសត្វព្រៃនៅពេលរាត្រីនេះ ចម្ងាយ១គីឡូម៉ែត្រ ក្នុងកម្មវិធី Rainforest Lumina ផងដែរ ដើម្បីផ្តិតយករូបភាពដ៏កម្រ និងប្លែកភ្នែក។ ដើម្បីដឹងកាន់តែច្បាស់ លោកអ្នកកក់ដំណើរកម្សាន្តនៅទីនោះបានតាមរយៈ តំណរភ្ជាប់នេះ។
វីដែលកាន់តែពិសេសនោះគឺថា នៅ River Wonder ដែលពីមុនគេហៅថា River Safari លោកអ្នកក៏អាចទៅទស្សនាកូនខ្លាឃ្មុំយក្ស (Giant Panda) ទើបតែបានកើតនៅសិង្ហបុរី កាលពីពេលថ្មីៗនេះ។
៣. ផ្សារទំនើបៗនៅលើផ្លូវ Orchard Road
សិង្ហបុរី គឺជាប្រទេសមានភាព ល្បីល្បាញទាក់ទងនឹងផ្សារទំនើប និងហាងលក់ទំនិញ ហើយប្រសិនបើអ្នកចូលចិត្តទិញទំនិញនានា ឬសម្ភារៈប្រើប្រាស់ លោកអ្នកអាចធ្វើដំណើរទៅកាន់វិថិ Orchard Road ដែលជាកន្លែងប្រមូលផ្តុំដោយផ្សារទំនើបលក់ទំនិញលំដាប់ពិភពលោក។ ផ្សារទំនើបៗជាច្រើនដូចជា ION Orchard, Paragon Shopping Centre, Knightsbridge Mall, Mandarin Gallery, Ngee Ann City និង Far East Plaza សុទ្ធសឹងលើវិថីទាំងនេះ។
ផ្សារទំនើប ION Orchard គឺជាផ្សារដ៏ប្រណិតមួយ ដែលមានការផ្តល់ជូនពិសេសៗជាច្រើន ក៏ដូចជាទំនិញដ៏សម្បូរបែប ខណៈដែលលោកអ្នកក៏អាចទៅកម្សាន្តនៅផ្សារទំនើប Ion Sky ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅជុំវិញវិថី Orchard Road។ ដោយឡែក Design Orchard គឺជាផ្សារទំនើបដែលមានតូបលក់ទំនិញជាច្រើន និងជាកន្លែងប្រមូលផ្តុំអ្នករចនា និងឆ្នៃម៉ូតដ៏សម្បូរបែប។ ផ្សារទំនើប Uniqlo គឺជាផ្សារមួយក្នុងចំណោមផ្សារដ៏ធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅសង្កាត់ Orchard Central។
ប៉ុន្តែ លោកអ្នកក៏អាចដើរទិញឥវ៉ាន់ និងកម្សាន្តនៅផ្សារទំនើប VivoCity នៅ HarbourFront Precinct ផ្សារទំនើប Mustafa Centre នៅ Little India និង ផ្សារទំនើប Suntec City នៅ Marina Bay ផងដែរ។ ជាមួយគ្នានេះ ប្រសិនបើអ្នកចង់ទិញទំនិញដែលមានតម្លៃថោកសមរម្យ លោកអ្នកអាចសាកល្បងនៅផ្សារទំនើបនៅលើវិថី Bugis ដែលមានហាងច្រើនជាង៦០០កន្លែង ក៏ដូចជាផ្សារទំនើបនៅ Mustafa Centre, Lucky Plaza, Far East Plaza, City Plaza, Scape Underground និង Anchorpiont Shoppin Center ជាដើម។