ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្សិលមិញនេះ តារាកំប្លែងដ៏ល្បីល្បាញ ប្រចាំប្រទេស គឺនាយ ក្រឹម និងភរិយា អ្នកនាង ស្រីលាភ បានប្រារព្ធពិធី សូត្រមន្តឡើង គេហដ្ឋានថ្មី ជាលក្ខណៈគ្រួសារមួយ ប្រកបដោយស្នាមញញឹម យ៉ាងរីករាយ នាំឱ្យអ្នកគាំទ្រលាន់មាត់ សរសើរមិនដាច់ពីមាត់ឡើយ អំពីទិដ្ឋភាពផ្ទះថ្មី ដ៏ស្កឹមស្កៃរបស់អ្នកទាំងពីរ ។

ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា នាយ ក្រឹម និងភរិយាថ្មី របស់លោក គឺអ្នកនាង ស្រីលាភ កំពុងកសាងជីវិតគ្រួសារ យ៉ាងមានក្ដីសុខ សុភមង្គលបំផុត បន្ទាប់ពីមានកូនភ្លោះ ស្រី២នាក់ គួរឱ្យស្រលាញ់រួចមក ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីជោគជ័យ លើវិថីសិល្បៈ ជីវភាពតារាកំប្លែង ប្រុសជើងចាស់រូបនេះ កាន់តែប្រសើរឡើង ក្នុងនោះដែរនាង ក៏មានលទ្ធភាពរស់នៅ ក្នុងផ្ទះយ៉ាងស្កឹមស្កៃទៀតផង។

មានផ្ទះតែមួយ មិនគ្រប់គ្រាន់ឡើយ ដោយពេលនេះនាយ ក្រឹម បានបង្ហាញផ្ទះវីឡាមួយកន្លែងទៀត ក្នុងរាជធានីភ្នំពេញ និងទើបតែបានប្រារព្ធ ពិធីសូត្រមន្តឡើង គេហដ្ឋានថ្មីនោះ កាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមិនមានការជួបជុំមនុស្សច្រើនឡើយ ពោលរៀបតែជា លក្ខណៈគ្រួសារប៉ុណ្ណោះ ។

យ៉ាងណាមិញ បើងាកទៅមើលការរៀបចំ ពិធីទាំងមូលវិញ ក៏មើលទៅមានភាពប្រណីត មានរៀបចំផ្លែឈឺនំចំណី ផ្កាភ្ញីតុបតែងព្រោងព្រាត ព្រមទាំងសីធម៌បាយសី តាមដំណាក់ គ្រាប់ពូជធញ្ញជាតិ គ្រប់មុខមិនខ្វះអ្វីឡើយ ដើម្បីឱ្យសមស្របទៅនឹងកេរ្ដិ៍ឈ្មោះជាអ្នកសិល្បៈល្បី ក៏ដូចជាឱ្យស័ក្ដិសម ទៅនឹងពិធីឡើងវីឡាតម្លៃរាប់ម៉ឺនដុល្លារ របស់សិល្បៈករល្បីឈ្មោះទាំងពីរ ៕

ដោយ៖ ម៉ានី





