បាតព្រះហស្ត ឬនិយាយស្រួលស្ដាប់ថាបាតដៃ ព្រះពុទ្ធដ៏ធំសម្បើមមួយ ត្រូវបានឆ្លុះឃើញពីផ្កាយរណប តាមរយៈកម្មវិធី Google Earth លាតសន្ធឹងលើវាលលំហដ៏ធំល្វឹងល្វើយ។


បាតដៃព្រះនេះត្រូវបានធ្វើពីស្មៅ មានទំហំ៤ម៉ឺនម៉ែត្រការ៉េ ឬស្មើហ្នឹងទីលានបាល់ទាត់ ៦បូកបញ្ចូលគ្នា។ ទីនោះស្ថិតនៅក្នុងទីក្រុង Erenhot ស្ថិតក្នុងតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន។ បាតដៃព្រះគឺជាស្នាដៃសិល្បៈ ដែលធ្វើឡើងសម្រាប់ការថតពីលើ។
អ្នកទេសចរមិនអាចមើលឃើញ ដោយភ្នែកទទេបានឡើយ ដរាបណាពួកគេមិនប្រើដ្រូនបង្ហោះថត ឬក៏បាឡុងហោះ សម្រាប់ការមើលពីលើអាកាស។ វិធីមួយទៀតគឺ អ្នកមានធនធាន អាចជួលឧទ្ធម្ភាគចក្រសម្រាប់ថត មើលពីលើស្នាដៃសិល្បៈ ដ៏គួរឲ្យទាក់ទាញនេះថា តើវាអស្ចារ្យប៉ុនណា៕




