វីដេអូបទចម្រៀង វីរនារី របស់ ទេព បូព្រឹក្ស ដែលនឹងចេញក្នុងពេលឆាប់នេះ ពិតជាផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែថ្មីៗក៏មានព័ត៌មានជាច្រើនចុះផ្សាយចេញពីប្រភពច្បាស់លាស់ថា តារាស្រីរូបនេះសុខចិត្តចំណាយទឹកប្រាក់រាប់លានដុល្លារ ដើម្បីសម្រិតសម្រាំង MV ថ្មីនេះឲ្យចេញមកអស្ចារ្យ។ ជាក់ស្ដែងក្រៅពីសម្លៀកបំពាក់ គ្រឿងលម្អ និងអ្វីផ្សេងទៀត បូព្រឹក្ស ក៏បានចំណាយលើថ្លៃនៃការផាត់មុខច្រើនដែរ ដែលអស់រហូតទៅដល់ ៤០០០ ដុល្លារ។
អ្នកផាត់មុខរបស់បូព្រឹក្ស ម្ចាស់គណនីឈ្មោះ Mu Zu Make Up បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ “មិនដឹងថានិយាយយ៉ាងណាឲ្យសមទេ ដឹងត្រឹមថារំភើបសប្បាយចិត្តជាខ្លាំង តាំងពីថ្ងៃដំបូងដែលបានផាត់មុខជូនបងស្រីទេព បូព្រឹក្ស គាត់ជាមនុស្សម្នាក់ដែលឲ្យតម្លៃលើការងារ មិនចេះឆ្មើងឆ្មៃ លេងសើចច្រើនណាស់ គួរឲ្យស្រលាញ់ អ្វីដែលសំខាន់បងស្រីបានផ្តល់នូវសេចក្តីទុកចិត្ត និង ឱកាសដល់រូបខ្ញុំបានបញ្ចេញស្នាដៃក្នុងបទចម្រៀង Top of the lady (វីរនារី) និងពិតជាមិនស្មានដល់សោះឡើយ សំរាប់ការផ្តល់តម្លៃដល់ការងារ ទឹកចិត្តបងស្រីពិតជាបរិសុទ្ធណាស់ អរគុណសំរាប់កាដូ 4000$ #TBP love you idol”។
តាមការឲ្យដឹងពីក្រុមការងារផ្សេងទៀត ដោយសារតែការថតនេះចំណាយពេលរហូតទៅដល់ ៣ ថ្ងៃ ហើយអ្នកផាត់មុខ និង ក្រុមការងារទាំងអស់សឹងតែមិនបានគេងរហូតដល់ ៤៨ ម៉ោង បន្ថែមពីនេះការផាត់មុខនេះមានទម្រង់ជាសិល្បៈច្រើនប្រភេទតាមសម្លៀកបំពាក់ប្រភេទនីមួយៗ ដែលតម្រូវអោយមានការផ្ចិតផ្ចង់ខ្លាំង៕