ភ្នំពេញ៖ តារាចម្រៀងហង្សមាសលោកនៅ ស៊ីនឿន នឹងដឹកដៃកំពូលស្នេហ៍ជានារីអាណិកជន ខ្មែរ មក ពីអាមេរិក អ្នកនាង ដូ មី និក(Dominique Som)រៀបការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ខាង មុខនេះ ហើយ ។ នេះបើយោងតាមការបញ្ជាក់របស់លោក នៅ ស៊ីនឿន ផ្ទាល់ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ។



តារាចម្រៀងប្រុសរូបសង្ហារខាងលើ ក៏បានប្រាប់ឱ្យដឹងផងដែរថា ពិធីអាពាហ៍ពិពាហ៍របស់លោកខាងមុខនេះ នឹងធ្វើនៅសណ្ឋាគា សូហ្វីតែល ក្រុងភ្នំពេញ ព្រមទាំងមាន ការចូល រួម ពី សិ ល្បករ រួមអាជីពជាច្រើនផងដែរ។ទោះជាយ៉ាងណា លោកស៊ីនឿន មិនទាន់ប្រាប់ទេ ថា តើ ក្រោយរៀបការ រួច លោកនិងភរិយានឹងចេញទៅរស់នៅអាមេរិក ឬ បន្ដនៅស្រុកខ្មែរជា អចិន្ត្រៃយ៍។


លោក នៅ ស៊ីនឿន បានភ្ជាប់ពាក្យជាមួយអ្នកនាងDominique Som កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ ២០១៨ ហើយអ្នកទាំង២ បានលើកមង្គល ការជាច្រើន លើកច្រើនសារមកហើយ ដោយសារតែកូវីដ។ ទើប តែថ្មីៗនេះទេដែលលោកស៊ីនឿន បានដឹកដៃអនាគតប្រពន្ធទៅថត Pre-Wedding ដោយបានចំណាយថវិកា អស់យ៉ាងច្រើន ព្រោះតែការថតរូបនេះ ត្រូវបានធ្វើដំណើរថតរហូតដល់ ៦ខេត្តឯណោះ ។


គួរបញ្ជាក់ថាអតីតតារាចម្រៀងផលិតកម្មស្ប៉ាកមេញូស៊ិក (Spark Music) លោក នៅ ស៊ីនឿន និងកំពុងមានឈ្មោះជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស បច្ចុប្បន្នសង្កេតឃើញថាកេរ្ដិ៍ឈ្មោះរបស់លោក ហាក់ នៅទ្រឹងអស់រយៈ ពេលយូរឆ្នាំគួរសមដែរហើយ ។ ហើយមួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពីភ្ជាប់ពីពាក្យជាមួយគូដណ្ដឹង លោក នៅ ស៊ីនឿន បានចំណាយពេលច្រើនទៅបើកមុខរបរផ្ទាល់ខ្លួន ដូចជាហាងស៊ីផឹកមួយកន្លែងនៅចាក់អង្រែក្រោម និងថ្មីៗនេះបានរៀបចំបើកដំណើរការរមនីយដ្ឋានធំមួយ នៅទឹកដីខេត្តរតនគិរី ៕
ដោយ៖ ម៉ានី

