ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ តារាស្រី ៣ រូបមានតារាចម្រៀង មាស សុខសោភា តារាសម្ដែង ញឹម ចាន់ថន និងតារាចម្រៀង ឃឺន ស្រីនាថ ហៅ អ៊ីវ៉ា បានទទួលគ្រឿង ឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងថ្នាក់មហាសេនា ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមការបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រីជួរមុខ ក្នុងប្រទេសគឺតារាចម្រៀង មាស សុខសោភា បានឱ្យឃើញថា រូបនាងផ្ទាល់បានទទួលគ្រឿង ឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំណែក តារាសម្ដែង ញឹម ចាន់ថន និងតារាចម្រៀង ឃឺន ស្រីនាថ ហៅ អ៊ីវ៉ា ទទួលបានគ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ។

ក្រឡេកទៅមើលតារាស្រីទាំងបីដួងខាងលើ ខណៈអង្គុយនៅក្នុងពិធីបំពាក់គ្រឿងឥស្សរយស ឃើញថា ទឹកមុខរបស់ពួកគេ ពោពេញទៅដោយស្នាមញញឹម បង្កប់នូវភាពសប្បាយរីករាយ រំភើបជាពន់ពេក ។

តារាស្រីទាំង ០៣រូបខាងលើ ត្រូវបានទស្សនិកជន ដឹងយ៉ាងច្បាស់ថា ក្រៅពីមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងសង្គមសិល្បៈហើយនោះ ក៏ជាបុគ្គលដ៏សកម្មផងដែរ នៅក្នុងសកម្មភាពមនុស្សធម៌ ជួយសង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗក្នុងនាមជាតារាសិល្បៈ និងជាមនុស្សរបស់មហាជន ។ ជាពិសេសគឺតែងតែបង្ហាញ គំនិតអប់រំជាច្រើនតាមរយៈការសម្ដែងលើឆាក ទៅកាន់ទស្សនិកជនទូទាំងប្រទេស ។


គួរឱ្យដឹងដែរថា សម្រាប់ពិធីបំពាក់គ្រឿងឥស្សរយស របស់ តារាចម្រៀង មាស សុខសោភា តារាសម្ដែង ញឹម ចាន់ថន និងតារាចម្រៀង ឃឺន ស្រីនាថ ហៅ អ៊ីវ៉ា នេះផងដែរ ត្រូវបានធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ ចំថ្ងៃប្រារព្ធទិវាជាតិ – អន្តរជាតិ ៩ ធ្នូ ដែលជាទិវាប្រឆាំងអំពើពុករលួយ ៕


ដោយ៖ ម៉ានី
