ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជុំវិញរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ បង្កដោយ អតីតពិធីករដ៏ល្បី តាប៊ុយ ដែលបានបើកបររថយន្ត ក្នុងភាពស្រវឹង ហើយជ្រុលទៅបុកផ្នែកខាងក្រោយ រថយន្តព្រូស បណ្ដាលឱ្យខូចខាត ផ្នែកក្រោយយ៉ាងដំណំ។

ករណីនេះ ដំបូងឡើងត្រូវបានសម្រុះសម្រួលគ្នា ចប់សព្វគ្រប់ដោយភាគីបង្កគឺលោក តាប៊ុយ បានយល់ព្រមចេញថ្លៃ ជួសជុលរថយន្តរងគ្រោះទាំងអស់ ប៉ុន្តែថ្ងៃបន្ទាប់ ពោលគឺពេលដែលរថយន្តរងគ្រោះជួសជុលរួច ឃើញ វិក័យប័ត្រទូទាត់ថ្លៃខូចខាត អស់ជាង២ពាន់ដុល្លារ រួចហើយនោះ ស្រាប់តែ អតីតពិធីកររូបនេះ ទម្លាយអារម្មណ៍មិនពេញចិត្តទាល់តែសោះ ព្រោះយល់ថា ម្ចាស់រថយន្តព្រូស ហាក់ស៊ីខ្សែលើ។ ហើយការលើកឡើងរបស់លោក តាប៊ុយ ក៏បានធ្វើឱ្យភាគីម្ចាស់រថយន្តព្រូស ក្ដៅស្លឹកត្រចៀក រហូតឈានដល់ប្រកាស់ដាក់ពាក្យបណ្ដឹង តាមទារសំណង ២ម៉ឺនដុល្លារពីលោក តាប៊ុយ សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនព្រមទទួលយកថ្លៃ ជួសជុលចំនួនជាង ២ពាន់ដុល្លារជាដាច់ខាត។

ជាមួយគ្នានេះដែរ ស្រាប់តែក្រោយមកនេះ ភាគីម្ចាស់រថយន្តព្រូស បានប្ដូរចិត្តពីទាមទារសំណង ២ម៉ឺនដុល្លារ ទៅជា ១០ម៉ឺនដុល្លារវិញ ។

ភាគីម្ចាស់រថយន្តព្រូសបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា B&J Salon របស់ខ្លួនយ៉ាងដូច្នេះថា មហាជនបានសំណូមពរថា សំណងជំងឺចិត្ត បើយកទៅជូនមន្ទីរពេទ្យដដែលនោះ គួរតែយកឱ្យច្រើនបន្តិចទៅ ដូច្នេះហើយ ទើបលើកនេះបានប្ដូរពី ២ម៉ឺនទៅជា ១០ម៉ឺនដុល្លារវិញ ។

សូមរំឮកថា អតីតពិធីករល្បីឈ្មោះ និង ជាអ្នកដឹកនាំកម្មវិធី ប្រចាំស្ថានីយ៍ ទូរទស្សន៍ MY TV លោក តាប៊ុយ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ នៅវេលាម៉ោង១យប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយអតីតពិធីករពូកែសម្ដីរូបនេះបានបើករថយន្ត Range Rover របស់ខ្លួនបោះពួយយ៉ាងលឿន ហើយជ្រុលទៅបុកគូទរថយន្តព្រុស ដែលគេដែលកំពុងឈប់ស្តុប BKC យ៉ាងពេញទំហឹងបង្កឱ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ ហើយព្យាយាមបើករថយន្តរត់គេចខ្លួន ៕
ដោយ៖ ម៉ានី
