ភ្នំពេញ៖ ពិធីការិនីល្បីឈ្មោះ សូដា នីតា ដែលធ្លាប់ព្រមានចំផង ឌឺដងផង ឱ្យតារាសម្ដែង សឿ សុធារ៉ា ជុំវិញរឿងតារា កូន២រូបនេះ ជំពាក់លុយជិត៤ម៉ឺនដុល្លារ មិនព្រមសងបែជាយក លែសថា នាងកើតរោគចិត្តមានប័ណ្ណ ចេញពីពេទ្យបញ្ជាក់ត្រឹមត្រូវ និងសូមឱ្យ សូដា នីតា បំភ្លេចលុយនោះចោល ទៅព្រោះនាងគ្មានលទ្ធភាពសងនោះ ពេលនេះរយៈពេលជាង១ខែទៅហើយតែ សុធារ៉ា នៅតែមិនព្រមសងលុយនីតា ឡើយ។

អ្វីដែលគូរឱ្យចាប់អារម្មណ៍នោះទោះជានីតា ថាអាចនឹងមានដីការកោះហៅសុធារ៉ា ដល់កន្លែងថតរឿងភាគថ្មីរបស់ទូរទស្សន៍ហង្សមាស ដើម្បីនាំខ្លួនទៅសាកសួរនៅប៉ុស្ដិ៍ប៉ូលីសក្ដី ប៉ុន្ដែអ្នកនាង សឿ សុធារ៉ា នៅតែបន្ដថតរឿងថ្មីនេះដដែល ទើបធ្វើឱ្យ នីតា ហាក់ចង់ទ័លតម្រេះតែម្ដង ព្រោះសុធារ៉ា មើលទៅមិនខ្លាចការព្រមានរបស់នាងទេ។ហើយយ៉ាងណារហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានជាផ្លូវការថា សូដា នីតា ដាក់ពាក្យបណ្ដឹងលើសឿ សុធារ៉ា ទៅសាលាដំបូងជាផ្លូវការឡើយ តែតាមអ្វីដែលនាងក្ដៅចិត្តលើសុធារ៉ា កន្លងមកនោះបញ្ជាក់ថានីតា មិនលើកលែងឬលុបចោលលុយបំណុលរបស់នាងដោយគ្រាន់តែភរិយារបស់លោកមីដាដា រូបនេះបញ្ជាក់ថាមានប័ណ្ណជំងឺផ្លូវចិត្តនោះឡើយ។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលលើគណនីហ្វេសប៊ុករបស់អ្នកនាង សូដា នីតា វិញទោះជានាងនៅតែម៉ួម៉ៅក្ដៅចិត្ត រឿងសឿ សុធារ៉ា មិនព្រមចូលខ្លួនមករកដំណោះស្រាយលុយដែលជំពាក់នាងនោះក្ដី តែពេលនេះគេឃើញតារាកូន បានចេញរកលុយតាមរយៈការច្រៀងសម្ដែង តាមបណ្ដារកម្មវិធីមង្គលការ និងជប់លៀងទាំងឡាយ វិញហើយ ដែលធ្វើឱ្យមានការកោតសរសើរថា សូដា នីតា ពិតជាមានការបែងចែក បានល្អរវាងរឿងតុកស៊ិក ដោយសារតែគេមិនព្រមសងលុយ និងការងាររកលុយ ។ ចំណែកអ្នកនាង សឿ សុធារ៉ា វិញក៏កំពុងបន្ដថតរឿង ភាគបុរាណឱ្យទូរទស្សន៍ ហង្សមាស ដូចធម្មតា ។

គួរឱ្យដឹងថា រយៈពេលជាង ១ខែហើយអ្នកនាង សូដា នីតា បានប្រាប់ថា អ្នកនាង សឿ សុធារ៉ា បានជំពាក់បំណុលខ្លួនចំនួនជិត ៤ម៉ឺនដុល្លារ ហើយព្យាយាមគេចមិនវេសមិនដោះស្រាយ បើទោះជាអ្នកនាង សូ ដានីតា ព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ឬឆាត ក៏តួឯកស្រីក្នុងរឿង «ព្រះគោព្រះកែវ» មិនឆ្លើយតបដែរ ។ នេះបើយោងតាមការលើកឡើង របស់អ្នកនាង សូ ដានីតា នៅលើគណនីហ្វេសប៊ុករបស់នាង ។

នាងបញ្ជាក់ទៀតថា សម្រាប់លុយជិត ៤ម៉ឺនដុល្លារនេះ គឺអ្នកនាង សឿ សុធារ៉ា បានសុំឱ្យនាងជួយសងជំនួសទៅកាន់កូនក្រុមតុងទីនកាលមួយវគ្គមុន ដើម្បីកុំឱ្យពួកគេបន្តយករូប និងឈ្មោះនាងទៅបង្ហោះនាំឱ្យខូចកេរ្តិ៍ឈ្មោះ ។ ប៉ុន្តែមកទល់ពេលនេះ អ្នកនាង សឿ សុធារ៉ា មិនទាន់បានសងលុយទាំង នោះមកអ្នកនាង សូ ដានីតា វិញឡើយ ពោលគឺនៅតែគ្មានដំណោះស្រាយអ្វីទាំងអស់ ហើយមិនតែប៉ុណ្ណោះអ្នកនាង សឿ សុធារ៉ា ធ្លាប់បានប្រាប់នាងថា ខ្លួនកំពុងកើតរោគចិត្ត គិតចង់សម្លាប់ខ្លួន ហើយសម្រាប់លុយជំពាក់ជិត ៤ម៉ឺនដុល្លារនោះ គឺលែងមានលទ្ធភាពសងហើយ ។ ជាមួយគ្នានេះ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាងសឿ សុធារ៉ា នៅតែមានសំណេររឿងនាងហាក់ដូចជាកំពុងរងគ្រោះព្រោះគេជំពាក់លុយមិនសងដែរ ៕



ដោយ៖ ម៉ានី
