ភ្នំពេញ៖ តារាសម្ដែងសិចស៊ី ដេនីក្វាន់ ថ្មីៗនេះបានធ្វើឱ្យទស្សនិកជន អ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញនាងបង្ហោះសារជាច្រើន ទាមទារឱ្យអតីតគូស្នេហ៍របស់នាង ចេញមុខដោះស្រាយបំណុល ។

នៅក្នុងសាររបស់អ្នកនាង ដេនីក្វាន់ បានសរសេរចោទប្រកាន់ អតីតគូស្នេហ៍គឺលោក ចាន់ មករា ថា បានបោកប្រាស់លុយរបស់នាង មានចំនួនរហូតទៅដល់ជាង ១០ម៉ឺនដុល្លារដែលជាលុយសុទ្ធ ។ តារាស្រី មានជីវភាពខ្ពស់ខាងលើនេះ ថែមទាំងបានបញ្ជាក់ទៀតថា ប្រសិនបើលោក ចាន់ មករា នៅតែព្យាយាមគេចវេស មិនដោះស្រាយ សងបំណុលទាំងនេះទេ នាងនឹងមិនទុកកិត្តិយសឱ្យឡើយ ។
ជាការពិតណាស់ លោក ចាន់ មករា ដែលល្បីថាជាថៅកែឃ្លាំងរថយន្ត ធ្លាប់ជាគូស្នេហ៍ ជាមួយអ្នកមេម៉ាយ ដេនីក្វាន់ ហើយពួកគេក៏បានបញ្ចេញមុខមាត់ ឥតលាក់បាំងផងដែរ អំពីទំនាក់ទំនងស្នេហាកន្លងមក ។ យ៉ាងណាមិញ ស្នេហាគេទាំងពីរនាក់ បានអូសបន្លាយមួយរយៈធំ ស្រាប់តែចំពេលលោក ចាន់ មករា កំពុងមានជំងឺកូវីដ១៩ ក៏ឮដំណឹងចេញពីមាត់ ដេនីក្វាន់ ថាពួកគេទាំងពីរនាក់ បានចែកផ្លូវគ្នា ខណៈដែលបច្ចុប្បន្ននេះ ដេនីក្វាន់ ក៏កំពុងមានអ្នកស្អំបេះដូងថ្មីដែរ គ្រាន់តែមិនទាន់បង្ហាញមុខមាត់ របស់បុរសម្នាក់នោះ។

អស់រយៈពេលប្រមាណជា ៤-៥ ខែមកហើយ ក្រោយពីបែកគ្នា ស្រាប់តែឥលូវនេះ តារាស្រីសម្បូររឿងច្រើន លើបណ្ដាញសង្គម នាង ដេនីក្វាន់ បានចេញមុខអទម្លាយថា លោក ចាន់ មករា ដែលជាអតីតគូស្នេហ៍របស់ខ្លួននោះ បានបោកប្រាស់លុយនាង ចំនួនជាង ១០ម៉ឺនដុល្លារ ។ ជាមួយគ្នានេះនាង ក៏បង្ហើបថា មិនមែនមានតែនាងទេ ដែលចាញ់បោកអស់លុយ រាប់ម៉ឺនដុល្លារ ទៅលើលោក ចាន់ មករា ពោលគឺនៅមានមនុស្សច្រើននាក់ទៀត ។

យ៉ាងណាក៏ដោយ ក្រោយពីមានការបង្ហោះសារ ជាហូរហែរពីសំណាក់តារាស្រីសិចស៊ី ដេនីក្វាន់ ទៅលើអតីតគូស្នេហ៍ហើយនោះ នៅពុំឃើញមានប្រតិកម្មឆ្លើយឆ្លង របស់លោក ចាន់ មករា ឡើយ៕ ដោយ៖ ម៉ានី








