ភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា ត្រូវបានទស្សនិកជន ចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហាញខ្លួន ស្និទ្ធស្នាលជាមួយបុរសវ័យក្មេងម្នាក់ ដែលគេសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង បន្ទាប់ពីលោក ឆឹម កក្កដា ។

គួរឱ្យដឹងថា ការបង្ហាញសកម្មភាពកៀកកើយ ជាមួយបុរសរូបសង្ហារខ្ពស់ស្រឡះ ម្នាក់នោះដែរ គឺក្នុងអំឡូងពេលអ្នកនាង ពេជ្រ សោភា ធ្វើដំណើរកម្សាន្ដ នៅលើទឹកដីអង្គរសៀមរាប។

បុរសរូបសង្ហារ ដែលសង្ស័យ ជាគូស្នេហ៍ថ្មី របស់តារាចម្រៀងស្រីគ្រាប់ពេជ្រ នៅផលិតកម្មហង្សមាសខាងលើនេះដែរ ក្រោយមក ត្រូវបានគេគេ ទម្លាយឱ្យដឹងថា មានឈ្មោះថា យូសេ្វណាង ឈ្មោះពិត ស៊ីន សំណាង មានអាយុ ២៧ឆ្នាំ គឺជាតារាម៉ូដែលបុរសមានរូបរាង សង្ហាខ្ពស់ស្រឡះ មួយវិញទៀត គេ ក៏ជាបេក្ខភាពចូលប្រកួត ក្នុងកម្មវិធីចម្រៀងលំដាប់ ពិភពលោក Beat The Beast Cambodia ផងដែរ។

ជាមួយគ្នានេះដែរ បើតាមប្រភពជិតស្និទ្ធិរបស់លោក ស៊ីន សំណាង បានបង្ហើបប្រាប់ Lookingtodya ឱ្យបានដឹងនៅថ្ងៃនេះថា តាមពិតលោក ស៊ីន សំណាង គឺជាអតីតគូស្នេហ៍របស់កញ្ញា លី លីនដា អតីតបេក្ខនារី កម្មវិធី Beat The Best Cambodiaដែលគេទាំងពីរនាក់ បានបែកគ្នាមួយរយៈធំហើយ។

ប្រភពដដែលបានឱ្យដឹងទៀតថា កញ្ញា លី លីនដា និង លោក ស៊ីន សំណាង បានស្រឡាញ់គ្នាមួយរយៈ តែងតែទៅណាមកណាជាមួយគ្នា ដូចលលកញីឈ្មោល ។ ហើយអ្វីដែលជារឿងចៃដន្យបំផុតនោះ គឺក្រោយពេលបែកគ្នា គេទាំងពីរនាក់ គឺកញ្ញា លី លីនដា និង លោក ស៊ីន សំណាង បានឡើងប្រឡងចម្រៀងក្នុងកម្មវិធី Beat The Beast Cambodia ជាមួយគ្នាទៀតផង ។

បើតាមការបង្ហើបពីសំណាក់ប្រភពសុំមិនបង្ហាញឈ្មោះរូបនោះ បានបញ្ជាក់ទៀតថា ពេជ្រ សោភា ទើបតែបានស្គាល់គ្នាមួយរយៈខ្លីជាមួយលោក ស៊ីន សំណាង ប៉ុណ្ណោះ ពោលគឺ អំឡុងពេលលោក ស៊ីន សំណាង ប្រឡងក្នុងកម្មវិធី Beat The Best Cambodia នេះឯង ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ តារាចម្រៀង ពេជ្រ សោភា នៅមិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេថា លោក ស៊ីន សំណាង គឺជាគូស្នេហ៍របស់នាង ។ ហើយ Lookingtoday នៅមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាង ពេជ្រ សោភា ផ្ទាល់បានឡើយ ដោយលេខទូរស័ព្ទខលចូល ប៉ុន្តែគ្មានអ្នកទទួល ៕
ដោយ៖ ម៉ានី


