ភ្នំពេញ៖ តារាសម្ដែងជើងចាស់ អម្ពរ ទេវី ត្បិតតែបានឃ្លាតឆ្ងាយ ទៅរស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាង ២០ឆ្នាំមកហើយក្ដី តែក្ដីនឹករឮក របស់ទស្សនិកជន នៅតែដក់ជាប់ ជាពិសេសនឹកឃើញ ដល់ស្នាដៃចាស់ៗ របស់នាង កាលពីកន្លងទៅ ។

យ៉ាងណាមិញគេដឹងថា អ្នកនាង អម្ពរ ទេវី បច្ចុប្បន្ននេះ កំពុងរស់នៅយ៉ាង មានសុភមង្គលបំផុត ដែលជារឿយៗ តែងតែបង្ហាញស្នាមញញឹម ជុំគ្រួសារនៅលើបណ្ដាញសង្គម ។ ហើយកាន់តែពិសេសថែមទៀតនោះ ថ្ងៃនេះ អតីតតារាសម្ដែងស្រី ដ៏ល្បាញខាងលើ បានបង្ហាញពីក្ដីរំភើបយ៉ាងខ្លាំង ដោយសារទទួលបានចំណងដៃ ចៅប្រុសដំបូងក្នុងគ្រួសារ ។

តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊ុក របស់អ្នកនាង អម្ពរ ទេវី បានបង្ហាញថា ចៅប្រុសដំបូងរបស់នាង មានឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun គឺជាកូនរបស់កូនប្រុសនាងឈ្មោះ Zoli Phirun ។

អ្នកនាង អម្ពរ ទេវី បានសរសេរយ៉ាងដូច្នេះថា «ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួល នូវកាដូពិសេសមួយ ដ៏អស្ចារ្យនោះ គឺជាកំណើតចៅប្រុសដំបូង របស់នាង ខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុង ក្រុមគ្រួសារ របស់យើង។ ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ ដ៏ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក ។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អ ប្រសើរឡើងវិញ និងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និង ភាពកក់ក្ដៅពីរអ្នកផងទាំងពួង» ។

គួរឱ្យដឹងផងដែរថា លោក Zoli Phirun គឺជាកូនប្រុសដំណក់ឈាមរួមគ្នា របស់អ្នកនាង អម្ព ទេវី និងអតីតស្វាមី លោក ពេជ្រ ភារុណ ។ លោក Zoli Phirun នេះផងដែរ ក៏ជាទាហាន ក្នុងកងវរសេនាតូចបណ្តុះបណ្តាល ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UASTB) រដ្ឋ Arizona ហើយកាលពីឆ្នាំ ២០២០ គេក៏ទទួលបានតំណែង ក្នុងការចូលរួមបំពេញបេស កកម្មនៅក្នុង 2-13th Aviation Regiment និងត្រូវបានមហាជន កោតសរសើរយ៉ាងខ្លាំង ដែលលោក គឺជាកូនខ្មែរមួយរូប អាចមានឱកាសបង្ហាញ សមត្ថភាពលើឆាកអន្តរជាតិមួយនេះ ៕

ដោយ៖ ម៉ានី
