លោក Keisuke Honda គ្រូបង្គោលជម្រើសជាតិ និងក្រុមហ៊ុន Mitsubishi Electric ជាអ្នកវិនិយោគក្រុមហ៊ុនផលិតយន្តហោះដ្រូន A.L.I. Technologies ជាក្រុមហ៊ុន Start-up មានទីតាំងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានផលិតម៉ូតូហោះ (Hoverbike) មានឈ្មោះថា Xturismo Limited Edition។
លោក Honda ក៏មានតួនាទីជាទីប្រឹក្សាពិសេស របស់ក្រុមហ៊ុនខាងលើផងដែរ។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា ក៏ជាមូលហេតុមួយ ដែលលោកសម្រេចចិត្ត ចូលភាគហ៊ុនជាមួយក្រុមហ៊ុន Start-Up នេះផងដែរ។
បើយោងតាមការចុះផ្សាយ របស់គេហទំព័ររបស់ក្រុមហ៊ុន ALI Technologies លោក Honda បានលើកឡើងថា បញ្ហាចំនួន ៣ អាចនឹងត្រូវដោះស្រាយដោយសារដ្រូន។ «ទីមួយ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍនានាដូចជា កម្ពុជា និងអ៊ូហ្គាន់ដា នៅមិនទាន់មានឈូសឆាយផ្លូវគ្រប់គ្រាន់នោះទេ»។ នេះបើតាមការលើកឡើងរបស់លោក ចំណែកឯបញ្ហាចំនួន ២ទៀតគឺ បញ្ហាកង្វះអ៊ីនធឺណិត និងបញ្ហាសន្តិសុខសង្គម។
Hoverbike មួយនេះត្រូវបានក្រុមហ៊ុនខាងលើ ដាក់លក់តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ មានតម្លៃជាង ៦៨០,០០០ដុល្លារ។

ម៉ូតូហោះរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ដើរដោយកម្លាំងអាគុយ ដោយសាកថ្មមួយពេល អាចប្រើប្រាស់បាន រយៈពេល ៤០នាទី និងជិះលើអាកាសបានរហូតទៅដល់ ១០០គីឡូម៉េត្រ ក្នុងមួយម៉ោង។ADVERTISING
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗរាជរដ្ឋាភិបាលជប៉ុន មានការសាទរការរកឃើញ Hoverbike នេះជាខ្លាំង ដោយរំពឹងថា ម៉ូតូលើអាកាសមួយនេះ នឹងត្រូវបានគេយកទៅប្រើប្រាស់ច្រើន ដែលជាពិសេសគឺប្រើប្រាស់ ក្នុងកាលៈទេសៈ ដែលបន្ទាន់ក្នុងពេលមានឧបហេតុជាដើម៕ Source: Sabay
