មហាកំពែងចិន ដែលជាសមិទ្ធិផល របស់បុព្វបុរសប្រទេសចិន មានប្រវែងដ៏វែងអន្លាយ ប្រមាណ ២១,១៩៦គីឡូម៉ែត្រ គឺអាចមើលឃើញពីគន្លងតារាវិថី កម្រិតទាប ប៉ុន្ដែមិនអាចមើល ពីឋានព្រះចន្ទនោះទេ។

យោងតាម NASA ក្នុងគន្លងតារាវិថីកម្រិតទាប ឬពីស្ថានីយ៍អវកាសអន្តរជាតិ មានចម្ងាយ ៤២០ គីឡូម៉ែត្រ ពីភពផែនដី ពួកគេបានថតរូប អាចមើលឃើញមហាកំពែង ប៉ុន្ដែនៅមានលក្ខណៈមិនច្បាស់លាស់ ងាយស្រួលសម្គាល់ប៉ុន្មានឡើយ។

ប៉ុន្ដែ មហាកំពែងចិន រឹតតែមិនអាចមើលឃើញពី ឋានព្រះចន្ទ ដែលមានចម្ងាយ ៣៨៤៤០០ គីឡូម៉ែត្រ ពីភពផែនដីនោះឡើយ។
យោងទៅតាម លោក Alan Bean ដែលជាអ្នកអវកាសយានិក ក្នុងបេសកម្មអាប៉ូឡូទី១២ បញ្ជាក់ថា៖ «ចម្ងាយដ៏ឆ្ងាយនេះ គឺមិនអនុញ្ញាត ឱ្យមនុស្សមើលឃើញអ្វីច្រើនទេ ដោយអាចត្រឹមឃើញតែរូបរាងស្វ៊ែររបស់ភពផែនដីពីចម្ងាយ អមជាមួយពណ៌ខៀវ ពណ៌ស ពណ៌បៃតង និងបំណែកនៃពណ៌លឿងតែប៉ុណ្ណោះ។»

គួរដឹងបន្ថែមថា ចម្ងាយដែលអាចឱ្យមនុស្សយើង មើលឃើញអ្វីៗជាច្រើន លើភពផែនដី ដូចជា មហាកំពែង សំណង់អាគារ ស្ពាន វាលស្រែ ផ្លូវថ្នល់ លុះត្រាតែអ្នកស្ថិតនៅចម្ងាយកៀក ប្រមាណជា ១០០គីឡូម៉ែត្រ ពីភពផែនដី ដែលជាតំបន់អវកាស កម្រិតទាបបំផុត ហើយក៏ជាកម្ពស់មួយដែលខ្សត់អុកស៊ីសែន សម្រាប់ដកដង្ហើមផងដែរ៕ Source: Sabay
