នៅថ្ងៃអាទិត្យទី ២៣ ខែមករា ឆ្នាំ ២០២២ តារាសម្ដែង Dingdong Dantes ដែលជាស្វាមីរបស់ Marian Rivera (ម៉ារ៉ម៉ា) បានបង្ហោះវីដេអូមួយ ដោយបង្ហើបការពិតថា លោក និងគ្រួសារ កើតកូវីដ១៩។
ការបង្ហើបនេះ គឺចំថ្ងៃគម្រប់ ១០ថ្ងៃនេះការធ្វើចត្តាឡីស័កចុងក្រោយ មានន័យថាលោក និងគ្រួសារបានធូរស្រាលហើយ ប៉ុន្តែទើបតែហ៊ានទម្លាយការពិតនៅពេលគ្រប់យ៉ាងបានប្រសើរ ហើយលោកក៏គ្រោងចូលធ្វើការវិញនៅថ្ងៃ ច័ន្ទនេះវិញដែរ។
ការពិតទៅ កាលពី ២សប្ដាហ៍មុននោះDingdong និងគ្រួសារ ស្រាប់តែមានអាការៈក្ដៅខ្លួន វិលមុខ និយាយរួម គឺជាអាការៈកូវីដតែម្ដង ហើយក៏សម្រេចធ្វើតេស្ត រួចក៏ចេញលទ្ធផល វិជ្ជមានកូវីដ ហើយខ្លួនក៏មិនបានដឹងថា ឆ្លងមកពីណា និងតាំងពីពេលណាដែរ តែជាសំណាងល្អ ពួកគេក៏មិនធ្វើទុក្ខខ្លាំងដែរ ព្រោះមានកម្រិតស្រាលប្រៀបដូចផ្ដាសាយធម្មតា។
ភ្លាមៗពួកគេក៏បានប្រញាប់ នៅដាច់ដោយឡែកពីគេ មិនឲ្យអ្នកណាចេញចូលផ្ទះ ខំញ៉ាំវីតាមីន អាហារបំប៉ន និងថ្នាំឲ្យបានត្រឹមត្រូវ ដើម្បីឆាប់វិលមកសភាពដើមវិញ។
ក្នុងវីដេអូ លោកក៏បានអរគុណដល់អ្នកដែលបារម្ភ ក្រុមគ្រួសារ មិត្តភ័ក្តិដែលបានផ្ញើម្ហូបចំណីសម្រាប់ ពួកលោកក្នុងពេលសម្រាកព្យាបាលនៅផ្ទះ ពិសេសក្រុមការងារខាងខុទ្ទកាល័យ អនុប្រធានាធិបតីហ្វីលីពីន ដែលបានផ្ញើនូវសម្ភារៈថែទាំជាកញ្ចប់ មកឲ្យគ្រួសារលោកសម្រាប់ប្រើប្រាស់ក្នុងពេលបែបនេះ។
យ៉ាងណាមិញមកទល់ពេលនេះ គ្រួសាររបស់លោកបានជាសះស្បើយពីជំងឺកូវីដ ១៩ ហើយ ហើយពួកគេអរគុណ ម្ដងហើយម្ដងទៀត សម្រាប់អ្នកដែលបារម្ភ និងលើកទឹកចិត្តអ្នកដែលគិតថាខ្លួនឯងមិនស្រួល ឲ្យប្រញាប់ធ្វើតេស្ត ដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេល ពិសេសការពារកុំឲ្យអ្នកផ្សេងឆ្លងពីយើងទាន់៕
ប្រភព៖ Sabay