ភ្នំពេញ៖ អស់រយៈពេលច្រើនឆ្នាំមកហើយ តារាសម្ដែងសម្រស់រូបស្រស់ សម ម៉ាណា បានបន្សាត់ខ្លួន បាត់មុខពីសិល្បៈ មិនសូវឃើញបង្ហាញតាមរយៈ ការថតរឿងផ្សេងៗ តែទោះបីជាយ៉ាងណា ក៏តារារូបនេះ នៅតែបង្ហាញវត្តមាន ម្តងម្កាល ក្នុងការងារអាជីព ជាអ្នកបង្ហាញម៉ូតដដែល។

ជាមួយគ្នានេះ បើតាមគណនីទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ ហាក់មិនបានធ្វើបច្ចុប្បន្នភាព រូបថតរបស់ខ្លួនឡើយ ដែលជាហេតុនាំឱ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រនាងកន្លងមក បានបង្ហាញពីក្ដីនឹករឮកជាខ្លាំង ។

ទោះបីជាស្ងប់ស្ងាត់យ៉ាងណាក៏ដោយ សម ម៉ាណា ក៏ត្រូវបានគេដឹងថា នាងកំពុងរស់នៅក្នុងជីវភាពល្អប្រសើរបំផុតមួយ ដោយមានទាំងផ្ទះធំទ្រនុំខ្ពស់ ថែមទាំងមានរថយន្តទំនើបជិះផងដែរ ។ អ្វីដែលចាប់អារម្មណ៍នោះ គឺអតីតតារាសម្ដែងស្រី ដែលមានប្រជាប្រិយភាពខ្លាំង កាលពីជាង១៥ឆ្នាំមុនខាងលើនេះ តែងតែបង្ហាញមុខក្មេងស្រីម្នាក់ អាយុខ្ទង់២ខួប ហើយនាងតែងហៅក្មេងនោះថា ជាកូនពេញៗមាត់ទៀតផង ។
ជាការពិតណាស់ បើយោងតាមសកម្មភាពមើលទៅឃើញថា ក្មេងស្រីនោះពិតជាកូនរបស់ សម ម៉ាណា ពិតមែន ប៉ុន្តែរហូតមកទល់ពេលនេះ នាងមិនដែលបានបង្ហាញមុខស្វាមីរបស់នាង ឱ្យអ្នកគាំទ្របានស្គាល់ឡើយ ។ ហើយជាមួយគ្នានេះ សូម្បីតែដំណឹងរៀបការ ក៏មិនធ្លាប់បានដឹងដែរ ។

គួរឱ្យដឹងផងដែរថា តារាម៉ូដែលនិងសម្ដែង សម ម៉ាណា បានបន្សាត់ខ្លួនបន្តិចម្ដងៗ ពីការងារសិល្បៈគ្រប់ទម្រង់ រហូតដល់ស្ងាត់ឈឹង កាលពីអំឡុងឆ្នាំ២០១៤។ ការចាកចេញនៅពេលនោះ សាម៉ីខ្លួនមិនបានបញ្ចេញ ឱ្យដឹងថាមកពីហេតុអ្វីនោះទេ។ ប៉ុន្តែក្រោយមក នាងប្រាប់ថា នាងចាកចេញពេលនោះ ដោយសារតែនាងមានមុខរបររកស៊ី ព្រមទាំងមានការងារផ្ទាល់ខ្លួនផ្សេងទៀតផង ក៏សម្រេចថាដកឃ្លាពីសិល្បៈទៅ ៕ ដោយ ៖ ម៉ានី




