ភ្នំពេញ៖ ទើបតែប្រឡូកក្នុងសិល្បៈបានមួយរយៈខ្លី ប៉ុន្តែកញ្ញា មុន្នី វិជ្ជរ៉ា ត្រូវបានអ្នកនិយមតាមដានសិល្បៈ មើលឃើញថានាងគឺជា តារាសម្តែងស្រីវ័យក្មេងមួយរូប ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ។ ហើយការចាប់អារម្មណ៍នេះផងដែរ បន្ទាប់ពីស្រីស្អាតខាងលើ សម្ដែងជាតួឯកស្រីក្នុងរឿងភាគ «មន្តស្នេហ៍ចៅស្រី» របស់ស្ថានីយទូរទស្សន៍ PNN ។

ជាការពិតណាស់ វត្តមានរបស់ កញ្ញា មុន្នី វិជ្ជរ៉ា ដែលគ្រាន់តែប្រឡូកសិល្បៈភ្លាម បានគ្រងតំណែងជាតួឯកភ្នែតនេះ បានធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថា កន្លងៗមក ពុំដែលបានឃើញវត្តមាននាង នៅក្នុងការងារសិល្បៈច្រើន ដូចតារាស្រីដទៃឡើយ ។ ហើយអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺទៅលើសមត្ថភាព សម្ដែងដ៏ល្អឥតខ្ចោះរបស់នាង និងរូបសម្រស់ស្រស់ស្អាត ពីធម្មជាតិតែម្ដង ។
ជាមួយគ្នានេះ ដែរបើយោងតាមការបញ្ជាក់ ពីសំណាក់ កញ្ញា មុន្នី វិជ្ជរ៉ា កាលកន្លងទៅបានឱ្យដឹងថា ប្រជាប្រិយភាព និងភាពល្បីល្បាញរបស់នាង នៅក្នុងវិស័យភាពយន្តភាគខ្មែរ នាពេលបច្ចុប្បន្ន គឺដោយសារតែ អ្នកនិពន្ធ និងដឹកនាំសម្តែងជើងចាស់មួយរូប គឺលោកស្រី ពាន់ ភួងបុប្ផា ។ ស្រីស្រស់រូបនេះបានឱ្យដឹងទៀតថា ដំបូងឡើយ គឺនាងធ្លាប់ដាក់ពាក្យ ចូលប្រឡងបរវរកញ្ញា ក្នុងកម្មវិធី «Miss Cambodia» ស្របពេលនោះ មិនទាន់ទាំងបានប្រឡងផង ក៏ស្រាប់តែផលិតករ ពាន់ ភួងបុប្ផា ត្រូវការតួស្រីសម្តែង ហើយនៅពេលដែលក្រុមហ៊ុន Agency ណែនាំរូបនាងទៅដល់ផលិតករ ហើយផលិតករក៏ពេញចិត្ត ពោលគឺមានអត្តចរិត និងត្រេមុខរបស់នាង ស៉ីនឹងរឿងភាគមួយនោះ ក៏លោកស្រី ពាន់ ភួងបុប្ផា សម្រេចយកនាងតែម្តង។ ដោយរឿងនោះមានចំណងជើងថា «តួគេខ្ញុំសម្តែង» ។

ដោយសារតែមានទឹកចិត្ត ស្រឡាញ់សិល្បៈនោះ កញ្ញា មុន្នី វិជ្ជរ៉ា បានចូលសម្តែងក្នុងរឿងដំបូង ក្នុងនាមជាតួឯកភ្លាម ដោយសារការជ្រើសរើសយកពីសំណាក់ លោកស្រី ពាន់ ភួងបុប្ផា ទាំងដែលមិនមានបទពិសោធន៍ សម្តែងទាល់តែសោះ។ យ៉ាងណាមិញ នាងបានយកចិត្តទុកដាក់ ព្យាយាម ស្តាប់តាមការណែនាំរបស់ផលិតករ និងមានទេពកោសល្យសម្តែងផងនោះ ទើបតារាស្រី មុន្នី វិជ្ជរ៉ា ជោគជ័យមួយជំហាន និងបានទទួលសម្តែងរឿងជាបន្តបន្ទាប់។

គិតមកទល់បច្ចុប្បន្ននេះ កញ្ញា មុន្នី វិជ្ជរ៉ា មានរឿងភាគចំនួន៤ហើយ ដែលមានបានចូលរួមសម្តែង ដោយរឿងទី១ គឺមានចំណងជើងថា «តួគេខ្ញុំសម្តែង» ជាតួអង្គឯក, រឿងទី២ «រសជាតិអ្នកមាន» ជាតួធំ, រឿងទី៣ «មន្តស្នេហ៍ចៅស្រី» ជាតួអង្គឯក និងរឿងទី ៤ «លោកប្តី៣៦៥ថ្ងៃ» ជាតួអង្គឯក ។
គួរឱ្យដឹងថា ក្រៅពីការងារជាតារាសម្ដែង កញ្ញា មុន្នី វិជ្ជរ៉ា ក៏ជានិស្សិតឆ្នាំទី៤ ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកធនាគារនិងហិរញ្ញវត្ថុផងដែរ ៕ ដោយ៖ ម៉ានី






