អង្គការអនាគតរបស់យើង (OF) បានចាប់ផ្តើមកម្មវិធីមួយ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តព្រះវិហារ នាឯប្រទេសកម្ពុជា តាមរយៈការចែកចាយ កូនស្វាយចន្ទី ជាង 60,000 ដល់ប្រជាកសិករ។ កម្មវិធីនេះព្យាយាម បង្ហាញដល់កសិករ និងអ្នកភូមិនូវវិធីផ្សេងៗគ្នា និងជួយពួកគេការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។
លោក បេន ដាវីស ជនជាតិអាមេរិកាំង អ្នកការពារព្រៃឈើកម្ពុជា ដែលទើបត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់ជូនផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារថ្មីៗ ប្រាប់ថា បច្ចុប្បន្នលោក មានកម្មវិធីមួយចំនួន ផ្ដល់ជូនប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីឲ្យការងារការពារព្រៃឈើ របស់លោកមានប្រសិទ្ធភាព។
“បច្ចុប្បន្នយើងមានកម្មវិធី៣ សម្រាប់ការកាត់បន្ថយការរុករានព្រៃ របស់ប្រជាជនក្នុងតំបន់នេះ។កម្មវិធីទាំងបីនេះសំខាន់ណាស់ ប្រសិនអត់មួយណា ក៏មិនអាចទទួលបានប្រសិទ្ធិភាពដែរ។”
កម្មវិធីទាំង៣នោះ មាន៖ ទី១គឺផ្តល់ការអប់រំ ដើម្បីឱ្យពួកគេយល់ដឹង ពីសារៈប្រយោជន៍ព្រៃឈើ។ ទី២គឺ កម្មវិធីអនុវត្តច្បាប់ អោយមានប្រសិទ្ធិភាព។ ទី៣ គឺជួយឱ្យប្រជាជនមានចំណូលបន្ថែម តាមរយៈការប្រកបរបរផ្សេងៗ ដោយមិនកាប់បំផ្លាញព្រៃឈើ។
“យើងបានជួយឧបត្ថម្ភ កូនដើមស្វាយចន្ទី ដល់ប្រជាជន ព្រោះខ្ញុំយល់ថា ប្រសិនជាយើងមានដើមឈើច្រើន អាចនឹងល្អសម្រាប់បរិស្ថាន អាចជួយដល់ការបម្រែបម្រួលអាកាសធាតុ។ ទាំងឆ្នាំមុននិងឆ្នាំនេះ យើងបានឧបត្ថម្ភកូនស្វាយចន្ទី ចំនួន ៦០ ០០០ ដល់ប្រជាជន ក្នុងសហគមន៍ ដែលមាន៤ភូមិ សម្រាប់ឆ្នាំមុន និង ៧ភូមិសម្រាប់ឆ្នាំនេះ។”
ចន្ទី គឺជាប្រភេទដំណាំតែមួយ ដែលត្រូវបានផ្ដល់ជូនទៅប្រជាកសិករក្នុងតំបន់។ ហេតុផលគឺថា ចន្ទី ជាដំណាំដែលមានដាំច្រើននៅទីនោះស្រាប់។ “ដូច្នេះយើងក៏ឧបត្ថម្ភកូនស្វាយចន្ទីអោយពួកគាត់។ ប្រិសនជាយើងឧបត្ថម្ភអ្វីផ្សេង យើងត្រូវចំណាយពេលច្រើនដើម្បីបង្រៀនពួកគេ ហើយត្រូវរកទីផ្សារអោយពួកគេថែមទៀត។ ស្វាយចន្ទីមានទីផ្សាររួចហើយនៅទីនេះ ចឹងទើបយើងបន្តធ្វើវា។” លោកស្រី Sharyn Davis នាយកអង្គការ OFO។
លោកស្រីបន្តថា៖ “សម្រាប់ប្រជាជន ដែលរស់នៅទីនេះ ហើយជិតតំបន់ការពារ នៅពេលដែលពួកគេរវល់ច្រើន ទៅលើការមើលថែចម្ការ ស្វាយចន្ទីរបស់ពួកគេ នោះពួកគេនឹងមិនទៅកាប់បំផ្លាញព្រៃ ដែលយើងការពារនោះទេ។”។
ដូចនឹងការរំពឹងទុក្ខ តាមរយៈកិច្ចការនេះ បានកែប្រែទម្លាប់កាប់បំផ្លាញព្រៃឈើខ្លះៗ របស់ពលរដ្ឋក្នុងតំបន់។ អ្នកស្រី យ៉ាត វ៉ាន់ ជាកសិករ បានថ្លែងថា៖ “គាត់អោយធ្វើចម្ការចន្ទី តែក្នុងតំបន់ដែលក្រៅពីតំបន់ការពារ តែប៉ុណ្ណោះ។ ក្រោយពីទទួលបានកូនស្វាយចន្ទីមក កសិករមានការរវល់ច្រើន ក្នុងការដាំដុះ ដូច្នេះការកាប់បំផ្លាញព្រៃឈើ ក៏មានការថយចុះច្រើន។ ពីមុនមកខ្ញុំក៏ជាអ្នក កាប់បំផ្លាញព្រៃឈើផងដែរ តែបច្ចុប្បន្នគឺខ្ញុំបានឈប់ហើយ ព្រោះខ្ញុំរវល់ច្រើនជាមួយចម្ការរបស់ខ្ញុំ”។
ក្រៅពីបេសកកម្មការពារព្រៃឈើ កម្មវិធីខាងលើ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាសាកលក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុផងដែរ ព្រោះវានឹងរារាំង ការកាប់បំផ្លាញព្រៃឈើ។ ទោះជាយ៉ាងណាក្តីនាយកអង្គការ OFO នៅតែបង្ហាញក្តីបារម្ភថា ទោះបីជាមានការប្រឹងប្រែង ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក៏ដោយ ក៏នៅមានមនុស្សមួយចំនួន នៅតែងាកទៅរកការកាប់ដើមឈើ ដោយបំពានច្បាប់ដែរ៕ Source: Sabay