សិល្បៈ និង កម្សាន្ត

សរសើរ! បេន និង​គ្រួសារ ប្រើ​វិធី​ឆ្លាត​វៃ ដើម្បី​ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ​ ​នៅ​ខេត្ត​ព្រះវិហារ

អង្គការអនាគតរបស់យើង (OF) បានចាប់ផ្តើមកម្មវិធីមួយ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តព្រះវិហារ នាឯប្រទេសកម្ពុជា តាមរយៈការចែកចាយ កូនស្វាយចន្ទី ជាង 60,000 ដល់ប្រជាកសិករ។ កម្មវិធីនេះព្យាយាម បង្ហាញដល់កសិករ និងអ្នកភូមិនូវវិធីផ្សេងៗគ្នា និងជួយពួកគេការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។

លោក បេន ដាវីស ជនជាតិ​អាមេរិកាំង អ្នកការពារ​ព្រៃ​ឈើ​កម្ពុជា ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ត្រាស់​បង្គាប់​ផ្ដល់​ជូនផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ​ថ្មីៗ ប្រាប់​ថា បច្ចុប្បន្ន​លោក មាន​កម្មវិធី​មួយ​ចំនួន​ ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដើម្បី​ឲ្យ​ការងារ​ការពារ​ព្រៃ​ឈើ​ របស់​លោក​មាន​ប្រសិទ្ធភាព។

“បច្ចុប្បន្នយើងមានកម្មវិធី៣ សម្រាប់ការកាត់បន្ថយការរុករានព្រៃ របស់ប្រជាជនក្នុងតំបន់នេះ។កម្មវិធីទាំងបីនេះសំខាន់ណាស់ ប្រសិនអត់មួយណា ក៏មិនអាចទទួលបានប្រសិទ្ធិភាពដែរ។”

កម្មវិធី​ទាំង​៣នោះ មាន៖ ទី១គឺផ្តល់ការអប់រំ ដើម្បីឱ្យពួកគេយល់ដឹង ពីសារៈប្រយោជន៍ព្រៃឈើ។ ទី២គឺ កម្មវិធីអនុវត្តច្បាប់ អោយមានប្រសិទ្ធិភាព។ ទី៣ គឺជួយឱ្យប្រជាជនមានចំណូលបន្ថែម តាមរយៈការប្រកបរបរផ្សេងៗ ដោយមិនកាប់បំផ្លាញព្រៃឈើ។

“យើងបានជួយឧបត្ថម្ភ កូនដើមស្វាយចន្ទី ដល់ប្រជាជន ព្រោះខ្ញុំយល់ថា ប្រសិនជាយើងមានដើមឈើច្រើន អាចនឹងល្អសម្រាប់បរិស្ថាន អាចជួយដល់ការបម្រែបម្រួលអាកាសធាតុ។ ទាំងឆ្នាំមុននិងឆ្នាំនេះ យើងបានឧបត្ថម្ភកូនស្វាយចន្ទី ចំនួន ៦០ ០០០ ដល់ប្រជាជន ក្នុងសហគមន៍ ដែលមាន៤ភូមិ សម្រាប់ឆ្នាំមុន និង ៧ភូមិសម្រាប់ឆ្នាំនេះ។”

ចន្ទី គឺ​ជា​ប្រភេទ​ដំណាំ​តែ​មួយ ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ប្រជាកសិករ​ក្នុង​តំបន់។ ហេតុផល​គឺ​ថា ចន្ទី ជា​ដំណាំ​ដែល​មាន​ដាំ​ច្រើននៅ​ទីនោះ​ស្រាប់។ “ដូច្នេះយើងក៏ឧបត្ថម្ភកូនស្វាយចន្ទីអោយពួកគាត់។ ប្រិសនជាយើងឧបត្ថម្ភអ្វីផ្សេង យើងត្រូវចំណាយពេលច្រើនដើម្បីបង្រៀនពួកគេ ហើយត្រូវរកទីផ្សារអោយពួកគេថែមទៀត។ ស្វាយចន្ទីមានទីផ្សាររួចហើយនៅទីនេះ ចឹងទើបយើងបន្តធ្វើវា។” លោក​ស្រី Sharyn Davis នាយក​អង្គការ OFO។

លោក​ស្រី​បន្ត​ថា៖ “សម្រាប់ប្រជាជន ដែលរស់នៅទីនេះ ហើយជិតតំបន់ការពារ នៅពេលដែលពួកគេរវល់ច្រើន ទៅលើការមើលថែចម្ការ ស្វាយចន្ទីរបស់ពួកគេ នោះពួកគេនឹងមិនទៅកាប់បំផ្លាញព្រៃ ដែលយើងការពារនោះទេ។”។

ដូច​នឹង​ការ​រំពឹង​ទុក្ខ តាម​រយៈ​កិច្ចការ​នេះ បាន​កែ​ប្រែ​ទម្លាប់​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្លះ​ៗ ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ អ្នក​ស្រី យ៉ាត វ៉ាន់ ជា​កសិករ បាន​ថ្លែង​ថា៖ “គាត់អោយធ្វើចម្ការចន្ទី តែក្នុងតំបន់ដែលក្រៅពីតំបន់ការពារ តែប៉ុណ្ណោះ។ ក្រោយពីទទួលបានកូនស្វាយចន្ទីមក កសិករមានការរវល់ច្រើន ក្នុងការដាំដុះ ដូច្នេះការកាប់បំផ្លាញព្រៃឈើ ក៏មានការថយចុះច្រើន។ ពីមុនមកខ្ញុំក៏ជាអ្នក កាប់បំផ្លាញព្រៃឈើផងដែរ តែបច្ចុប្បន្នគឺខ្ញុំបានឈប់ហើយ ព្រោះខ្ញុំរវល់ច្រើនជាមួយចម្ការរបស់ខ្ញុំ”។

ក្រៅ​ពី​បេសកកម្ម​ការពារ​ព្រៃឈើ កម្មវិធីខាង​លើ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាសាកលក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុផងដែរ ព្រោះវានឹងរារាំង ការកាប់បំផ្លាញព្រៃឈើ។ ទោះជាយ៉ាងណាក្តីនាយកអង្គការ​ OFO នៅតែបង្ហាញក្តីបារម្ភថា ទោះបីជាមានការប្រឹងប្រែង ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក៏ដោយ ក៏នៅមានមនុស្សមួយចំនួន នៅតែងាកទៅរកការកាប់ដើមឈើ ដោយបំពានច្បាប់ដែរ៕ Source: Sabay

Most Popular

To Top