ភ្នំពេញ៖ពិធីករលោកខេង រតនៈ ហៅនាយព្រែក កាន់តែបង្ហាញាភាពស្អិតល្មូតស្នេហ៍ ជាមួយកូនក្រមុំអតីតតារាចម្រៀងលោកឈិន កុសល គឺស្រីស្រស់ឈិន មុនីនាថ ដោយពួកគេកៀកកើយគ្នាដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។ ជាញឹកញាប់គេឃើញនាយព្រែក ដើរតាមមុនីនាថ ស្ទើគ្រប់ជំហ៊ានតែម្ដង ខណៈដែលទំនាក់ទំនង របស់ពួកគេទាំងពីរត្រូវបានគ្រួសារទាំងសងខាង ដឹងឭហើយគ្មានអ្នកណាម្នាក់ជំទាស់ឡើយ។ អ្នកសិល្បៈរួមអាជីបានខ្សឹបខ្សៀវគ្នាថាពេលនេះនាយព្រែក ជិតក្លាយទៅជាកូនប្រសារលោកឈិន កុសល ទៅហើយមិនយូទេពួកគេនឹងភ្ជាប់ពាក្យហើយរៀបការ ជាមួយគ្នាជាមិនខាន។

និយាយដល់ការបើកបង្ហាញពីជីវិតឯកជននៅលើបណ្ដាញសង្គម ថ្មីៗនេះ នាយព្រែក បានបង្ហោះរូបថតលោក យាយយ៉យ និង តារាសម្ដែងស្រីរូបស្រស់ ឈីន មុន្នីនាថ នៅលើគណនីហ្វេសប៊ុកមួយសន្លឹក ដែលរូបថតនោះ ឈិន មុន្នីនាថ ឈរឱប យាយយ៉យ យ៉ាងស្និទ្ធស្នាលខ្លាំងបំផុតប្រៀបដូចក្រុមគ្រួសារតែមួយ។

លើសពីនេះ មហាជនចាប់អារម្មណ៍ឃើញតារាកំប្លែងជើងចាស់ យាយយ៉យ បានបង្ហាញទឹកមុខសើចស្រស់ពព្រាយ ដែលមើលទៅហាក់ដូចជាពេញចិត្តនឹងតារាសម្ដែង ឈិន មុន្នីនាថ ចង់បានជាកូនប្រសាខ្លាំងណាស់ ព្រោះបើតាមការមើលឃើញកន្លងមក មុន្នីនាថ មិនត្រឹមតែស្រស់ស្អាតតែមួយមុខទេ ក្នុងនោះនាងមានទាំងទេពកោសល្យផ្នែកសិល្បៈខ្ពស់ តស៊ូព្យាយាម កតញ្ញូ ចេះស្គាល់ចាស់ស្គាល់ទុំ សុភាពរាបសា ជាក្មេងស្រីដែលមានទំនួលខុសត្រូវមួយរូប ។


គួរបញ្ជាក់ដែរថា កញ្ញា ឈិន មុន្នីនាថ តារាសម្តែងស្រីវ័យក្មេងរលកក្រោយ និងជាកូនស្រីបណ្តូលចិត្តរបស់អតីតតារាចម្រៀងជើងចាស់ លោក ឈិន កុសល កំពុងតែបោះពួយចូលវិថីសិល្បៈពេញទំហឹង ទាំងសម្តែងភាពយន្ត និងចម្រៀង ហើយសាងកេរ្តិ៍ឈ្មោះល្បីគួរឱ្យកត់សម្គាល់ពីមហាជន ។ ខណៈដែលនាយ ព្រែក ឯនោះវិញ ក៏កំពុងសាងប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរ តាមរយៈការងារជាពិធីករ ៕ ដោយ៖ ម៉ានី

