សិល្បៈ និង កម្សាន្ត

មកដឹងអំពី ស្ដេចចុងក្រោយបង្អស់ ដែលរក្សាព្រះនាម ស្រីសុរិយោពណ៌ ឬស្រីសូរ្យវរ្ម័ន

ទាំងអស់គ្នាប្រាកដជាមានចម្ងល់ហើយថា ហេតុអ្វីបានជាពាក្យ «សុរិយោពណ៌» និង «សូរ្យវរ្ម័ន» នេះមានទំនាក់ទំនងនឹងគ្នា? តាមពិតទៅ ព្រះមហាក្សត្រ នៅសម័យមុនអង្គរមានទំនៀម ភ្ជាប់ព្រះនាមនឹង ពាក្យ វម៌្មណ រីឯព្រះនាម ព្រះមហាក្សត្រ នៅសម័យអង្គរវិញ គឺភ្ជាប់ដោយពាក្យ «វម៌្ម» ដែលសព្វថ្ងៃយើងហៅតាម អ្នកប្រាជ្ញបារាំងថា «វរ្ម័ន» នេះឯង។ ដូចនេះព្រះនាម ស្រីសូរ្យវរ្ម័ន ខ្មែរយើងគួរសរសេរជា ស្រីសូយ៌្យវម៌្ម ។

លុះចំណេរតមក ពាក្យវម៌្ម បានវិវត្តន៍ទៅជា ពម៌្ម (ការផ្លាស់ប្ដូរ រវាងអក្សរ វ និង ព នៅសម័យក្រោយ) នោះទើបពាក្យ ស្រីសូយ៌្យវម៌្ម បានក្លាយជា ស្រីសូយ៌្យពម៌្ម ហើយនៅទីបំផុត បានក្លាយជា ស្រីសុរិយោពាណ៌ និង ស្រីសុរិយោពណ៌ នៅសម័យដែលចងក្រង ព្រះរាជពង្សាវតារខ្មែរ។

បើទោះជាព្រះមហាក្សត្រខ្មែរ បានចាកចេញពីក្រុងអង្គរ ក៏ពិតមែន តែព្រះមហាក្សត្រជាច្រើន ព្រះអង្គនៅរក្សាទំនៀម ព្រះបរមនាមភ្ជាប់ដោយពាក្យ វរ្ម័ន នេះរហូតមក។ រហូតដល់រជ្ជកាល ព្រះបាទអង្គឌួង ដែលជាព្រះមហាក្សត្រចុងក្រោយគេ នៅរក្សាពាក្យ ស្រីសុរិយោពណ៌នេះ។ ឯរជ្ជកាលក្រោយៗមកទៀត ពុំប្រទះមាន ប្រើប្រាស់ទៀតទេ។

ព្រះបរមនាម ក្នុងព្រះសុវណ្ណប័ដ នៃព្រះបាទអង្គឌួងគឺ ព្រះបាទសម្ដេច ស្តេចព្រះរាជឱង្ការ ព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះស្រីសុរិយាពណ៌ ធម្មិកវរោត្ដម បរមសុរិន្ទ្រា មហាចក្រពត្ត្រាធិរាជ បរមនាថ បរមបពិត្រ ស្ថិតជាកំពូលរដ្ឋរាស្ត្រ ឧភាសជាតិវរវង្ស តម្រង់ក្រុងកម្ពុជា មហាឥន្ទបត្រនគរ បវរវិវឌ្ឍនាតិរេក ឯករាជា ខត្តិយមហាធិបតិន្ទ វិសុទ្ធឧត្តម បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង។ Source: Sabay

Most Popular

To Top